ស្នូកឃ័រ៖ កីឡាករស្នូកឃ័រសញ្ជាតិវែល Liam Davies បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈ្នះការប្រកួតជម្រុះស្នូកឃ័រជើងឯកពិភពលោក ក្រោយយកឈ្នះកីឡាករអៀកឡង់ Aaron Hill។ ការប្រកួតវគ្គជម្រុះជុំទី១ ជើងឯកពិភពលោកបានចាប់ផ្ដើមនៅថ្ងៃចន្ទម្សិលមិញ ខណៈកីឡាករវ័យ ១៥ឆ្នាំ Liam Davies បានយកឈ្នះកីឡាករលំដាប់លេខ ៨៨ ពិភពលោក Aaron Hill ៦-៤ហ្វ្រេម។
ស្ថិតក្នុងវ័យ ១៥ឆ្នាំ ២៧៧ថ្ងៃ Liam Davies មានវ័យក្មេងជាងកីឡាករ Ben Mertens ពីរថ្ងៃនៅពេលកីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះ បានក្លាយកីឡាករវ័យក្មេងឈ្នះការប្រកួតជម្រុះកាលពីឆ្នាំ២០២០។ ដោយឡែកកីឡាករវ័យក្មេងមួយរូបទៀតវ័យ ១៧ឆ្នាំ Robbie MuGuigan ដែលជាកូនធម៌កីឡាករលំដាប់លេខ ៥ ពិភពលោក Mark Allen នោះក៏បានយកឈ្នះការប្រកួតជម្រុះជុំទី១ ផងដែរ។ សូមបញ្ជាក់ថា ការប្រកួតស្នូកឃ័រជើងឯកពិភពលោកនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែមេសានេះហើយ៕
អត្ថបទ៖នាង សុភាវុធ