អ្នកនាំពាក្យរបស់លោក បាននិយាយថា ប្រមុខអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានស្វាគមន៍ចំពោះបទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍រវាងអ៊ីស្រាអែល និងលីបង់ ហើយបានជំរុញឲ្យ«តួអង្គទាំងអស់» គោរពបទឈប់បាញ់យ៉ាងពេញលេញ។

អ្នកនាំពាក្យ លោក Stephane Dujarric បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកអគ្គលេខាធិការស្វាគមន៍ចំពោះការប្រកាសបទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់ ហើយសរសើរ តួនាទីរបស់សហរដ្ឋអាមេរិកក្នុងការសម្របសម្រួល»បទឈប់បាញ់នេះ។ លោកបានបន្ថែមថា លោកសង្ឃឹមថា ការបញ្ឈប់ការប្រយុទ្ធជាបណ្តោះអាសន្ន នឹង«បើកផ្លូវសម្រាប់ការចរចា»។
លោកបាននិយាយថា លោក ហ្គុយតឺរេស «ជំរុញឲ្យតួអង្គទាំងអស់គោរពបទឈប់បាញ់យ៉ាងពេញលេញ និងគោរពតាមកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ គ្រប់ពេលវេលា» ជាសេចក្តីថ្លែងការណ៍មួយដែលអាចពង្រីកហួសពីអ៊ីស្រាអែល និងលីបង់ រហូតដល់ក្រុមសកម្មប្រយុទ្ធហេសបូឡាថែមទៀតផង៕
