កំពង់ស្ពឺ ៖ ឯកឧត្តម យឿន យឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះបានស្នើដល់បេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ ដែលស្ថិតនៅឃុំតាសាល ត្រូវខិតខំបំរើផលប្រយោជន៍ ប្រជាជនឲ្យបានសកម្មបន្ថែមទៀត ពោលគឺឲ្យដូចជាភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាកុំឲ្យពួកគាត់មានការថ្នាំងថ្នាក់ ដោយសារតែភាពអសកម្ម និងភាពយឺតយ៉ាវរបស់មន្រ្តីនោះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ទាំងពេញសិទ្ធ និងបម្រុង,សមាជិក-សមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋជាងបីរយនាក់ នៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម យឿន យឿត បានថ្លែងថា ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជានោះ យើងទាំងអស់គ្នាត្រូវតែខិតខំធ្វើយ៉ាងណាបំរើផលប្រយោជន៍បងប្អូនប្រជាជនឲ្យបាន ល្អប្រសើបន្ថែមទៀត ឲ្យសមស្របទៅតាមការទុកចិត្តរបស់ពួកគាត់ដែលបានបោះឆ្នោតជូនពួកយើងឲ្យ ធ្វើជាមេឃុំនោះ។
សូមបញ្ជាក់ថា ក្នុងនាមជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ឯកឧត្តមយឿន យឿត នឹងដឹកនាំបេក្ខជន និងសមាជិក- សមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំតាសាលទាំងអស់ចុះជួបបងប្អូនប្រជាពលរដ្ឋឲ្យដល់តាមខ្នងផ្ទះ ដើម្បីស្វែងយល់អំពីទុក្ខលំបាក និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងឃុំនេះទាំងមូល៕អត្ថបទ ៖ បាន ចក់





