លោកនាយករដ្ឋមន្ត្រី Keir Starmer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចក្រភពអង់គ្លេសចង់ឲ្យច្រកសមុទ្រហ័រមូស ត្រូវបានបើកឡើងវិញ ដោយគ្មានបុរេលក្ខខណ្ឌ។
លោក Starmer ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យរបស់លោកថា៖«ការបើកច្រកសមុទ្រនេះឡើងវិញដោយគ្មានលក្ខខណ្ឌ និងភ្លាមៗ គឺជាការទទួលខុសត្រូវជាសកល ហើយយើងត្រូវធ្វើសកម្មភាព ដើម្បីឲ្យថាមពល និងពាណិជ្ជកម្មសកលហូរចូលដោយសេរីឡើងវិញ។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) និងខ្ញុំ មានការ ប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ក្នុងការបង្កើតគំនិតផ្តួចផ្តើមពហុជាតិ ដើម្បីការពារសេរីភាពនៃការធ្វើនាវា ចរណ៍»។ «យើងត្រូវតែធានាដល់ការដឹកជញ្ជូនពាណិជ្ជកម្ម និងគាំទ្រប្រតិបត្តិការបោសសម្អាតមីន ដើម្បីធានាបាននូវការវិលត្រឡប់ទៅរកស្ថិរភាព និងសន្តិសុខសកល»។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំនិម្មិតមួយស្តីពីច្រក សមុទ្រហ័រមូសថ្មី ដែលរៀបចំឡើងពីទីក្រុងប៉ារីស និងដឹកនាំដោយមេដឹកនាំនៃចក្រភពអង់គ្លេស និង បារាំង។
លោក Starmer នឹងទៅដល់ទីក្រុងប៉ារីស នៅថ្ងៃសុក្រនេះ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនិម្មិតមួយអំពីច្រកសមុទ្រហ័រមូស រួមជាមួយរដ្ឋមន្ត្រីការបរទេស លោកស្រី Yvette Cooper និងនាយសេនាធិការកងទ័ពអាកាសលោក Richard Knighton។ សរុបទាំងអស់ មានប្រទេសប្រមាណ ៤០ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងសន្និសីទនេះ៕
