នៅថ្ងៃសុក្រ (ទី១៦ ខែមេសា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងពីលទ្ធភាពដែលអាចមានចំណុចរបត់មួយ សម្រាប់ប្រទេសលីបង់ បន្ទាប់ពីបទឈប់បាញ់ជាមួយអ៊ីស្រាអែល បានចូលជាធរមាន ដោយពណ៌នាថា វាគឺជា «ថ្ងៃប្រវត្តិសាស្ត្រ»។

តាមរយៈការបង្ហោះមួយ នៅលើបណ្ដាញសង្គម Truth Social ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់ បានចាប់ផ្តើម លោក Trump បាននិយាយថា «រឿងល្អៗកំពុងកើតឡើងហើយ» នៅក្នុងប្រទេសលីបង់។
ជាមួយគ្នានេះ លោកក៏បានថ្លែងទៅកាន់ក្រុមហេសបូឡាដោយផ្ទាល់ផងដែរ ដោយបង្ហាញពីក្តីសង្ឃឹមថា ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ នឹង «ធ្វើអ្វីៗដោយប្រយ័ត្នប្រយែងក្នុងអំឡុងពេលវេលាដ៏សំខាន់នេះ»។ លោក Trump បានបន្ថែមថា ចំណាត់ការនេះ អាចជា «ពេលវេលាដ៏អស្ចារ្យ» សម្រាប់ក្រុមនេះ ខណៈពេលដែលសង្កត់ធ្ងន់លើតម្រូវការ ដើម្បីបញ្ចប់អំពើហិង្សា។
លោក Trump បានសរសេរថា «លែងមានការសម្លាប់ទៀតហើយ។ ត្រូវតែមានសន្តិភាពជាស្ថាពរ!» ដោយលោកកំណត់ពេលវេលានេះថា ជាឱកាស ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីមានជម្លោះក្នុងតំបន់អស់រយៈពេលជាច្រើនខែ។
ការអត្ថាធិប្បាយរបស់លោកកើតឡើងចំពេលមានភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ នៅក្នុងប្រទេសលីបង់ និងតំបន់យ៉ាងធំ ជាកន្លែងដែលកិច្ចប្រឹងប្រែងផ្នែកការទូតបានកើនឡើង ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត និងជំរុញឆ្ពោះទៅរកបទឈប់បាញ់កាន់តែទូលំទូលាយ។ មេដឹកនាំអាមេរិកបានប្រកាសមុននេះថា អ៊ីស្រាអែល និងលីបង់បានយល់ព្រមលើបទឈប់បាញ់កាលពីថ្ងៃព្រហស្បតិ៍ ហើយបានបញ្ជាក់ថា លោកកំពុងព្យាយាមរៀបចំកិច្ចប្រជុំលើកដំបូង រវាងមេដឹកនាំនៃប្រទេសទាំង២៕

