អាជ្ញាធរបាននិយាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតីឈីលី លោក Jose Antonio Kast កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា បានអនុវត្តការបណ្តេញជនបរទេសដែលចូលមកដោយខុសច្បាប់ ឬអ្នកដែលមានប្រវត្តិឧក្រិដ្ឋកម្ម ជាលើកដំបូងនិងជាផ្នែកមួយនៃផែនការគ្រប់គ្រងអន្តោប្រវេសន៍ដែលបានសន្យារបស់ខ្លួន។

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Maximo Pavez បានប្រាប់អ្នកសារព័ត៌មានថា ជើងហោះហើរមួយបានចេញដំណើរពីទីក្រុង Iquique ភាគខាងជើងដឹកជនបរទេសចំនួន៤០នាក់ ធ្វើដំណើរទៅកាន់ប្រទេសបូលីវី កូឡុំប៊ី និងប្រទេសអេក្វាឌ័រ។ វីដេអូពីរដ្ឋធានី Santiago បានបង្ហាញមន្ត្រីនគរបាលកំពុងនាំជនបរទេសទាំងនោះចូលទៅក្នុងយន្តហោះ។
លោក Pavez បាននិយាយថា ការបណ្តេញចេញមិនត្រូវបានប្រកាសឡើយ ប៉ុន្តែ «ត្រូវបានអនុវត្ត» ហើយវិធានការអន្តោប្រវេសន៍នឹងត្រូវបានពង្រឹង។ នគរបាលឈីលី បានចែករំលែកវីដេអូ ដែលបង្ហាញពីជនបរទេសត្រូវបានចាប់ខ្លួននៅតាមដងផ្លូវក្នុងទីក្រុង Santiago បន្ទាប់ពីការឆ្មក់បង្ក្រាប។
ក្នុងចំណោមអ្នកដែលត្រូវបានបណ្តេញចេញ មាន២៥នាក់ត្រូវបានបណ្តេញដោយសារហេតុផលរដ្ឋបាល និង១៥នាក់ស្ថិតនៅក្រោមសេចក្តីបង្គាប់របស់តុលាការ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ អាជ្ញាធរបាននិយាយថា អ្នកដែលរងផលប៉ះពាល់ បានប្រព្រឹត្តបទល្មើស រួមមានទាំងការលួចប្លន់ដោយការគំរាមកំហែង ឬអំពើហិង្សា និងបទឧក្រិដ្ឋទាក់ទងនឹងគ្រឿងញៀនជាដើម។
