មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក(World Bank) បានប្រកាសពីការបន្តទំនាក់ទំនងជាមួយប្រទេសវ៉េណេស៊ុយអេឡា ក្រោមមេដឹកនាំបណ្ដោះអាសន្នរបស់ប្រទេសអាមេរិកឡាទីនមួយនេះ។ ស្ថាប័នហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី បានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងការ៉ាកាស ក្នុងឆ្នាំ ២០១៩ ក្នុងពេលមានការបែងចែកនៅក្នុងសហគមន៍អន្តរជាតិជុំវិញថាតើត្រូវគាំទ្រលោក Nicolas Maduro ឬលោក Juan Guaido ជាមេដឹកនាំស្របច្បាប់របស់ប្រទេសបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស់។ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) លោកស្រី Kristalina Georgieva បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថាប័ននេះបានបន្តការដោះស្រាយជាមួយប្រទេសវ៉េណេស៊ុយអេឡាក្រោមរដ្ឋបាលរបស់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez។

លោកស្រី Georgieva បាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «ជំហានដ៏សំខាន់នេះ ត្រូវបានណែនាំដោយទស្សនៈរបស់សមាជិករបស់យើង អនុញ្ញាតឱ្យមូលនិធិ ចូលរួមឡើងវិញតាមរបៀបដែលអាចផ្តល់ប្រយោជន៍ដល់ប្រជាជនវ៉េណេស៊ុយអេឡា»។
ធនាគារពិភពលោក បានប្រកាសថាខ្លួននឹងធ្វើតាមការណែនាំរបស់ IMF នៅក្នុងសេចក្តីថ្លែងការណ៍មួយភ្លាមៗ ដោយនិយាយថា វាត្រូវបាន «ណែនាំដោយលទ្ធផល» នៃដំណើរការសម្រេចចិត្តរបស់ស្ថាប័នផ្តល់ប្រាក់កម្ចី។ ធនាគារនេះបាននិយាយថា ខ្លួនបានផ្តល់ប្រាក់កម្ចីចុងក្រោយដល់ទីក្រុងការ៉ាកាស ក្នុងឆ្នាំ ២០០៥។ ការប្រកាសទាំងនេះ បានធ្វើឡើងជាច្រើនសប្តាហ៍បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលទណ្ឌកម្មលើលោកស្រី Rodriguez ជាចំណាត់ការចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីផ្តល់ភាពស្របច្បាប់ដល់មេដឹកនាំស្តីទីរូបនេះ។
