ភ្នំពេញ ៖ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ឱ្យយកចិត្តទុកដាក់ណែនាំបន្តហាមដាច់ខាតមិនអនុញ្ញាតិឱ្យប្រជាពលរដ្ឋលេងជះទឹកឬបាញ់ទឹក ដាក់គ្នានៅតាមផ្លូវសាធារណៈ តំបន់រមណីយដ្ឋាន កន្លែងកំសាន្តសប្បាយ ទីវត្តអារាម និងកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំឡើយ។
ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ណែនាំបន្តហាមដាច់ខាតមិនអនុញ្ញាតិឱ្យប្រជាពលរដ្ឋលេងល្បែងជះទឹកឬបាញ់ទឹកដាក់គ្នានៅតាមផ្លូវសាធារណៈ តំបន់រមណីយដ្ឋាន កន្លែងកំសាន្តសប្បាយ ទីវត្តអារាម និងកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំឡើយ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ដើម្បីបង្ការការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះមិនទាន់មានស្ថានភាពថមថយនៅឡើយនោះ។ ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យកងកម្លាំងចម្រុះទប់ស្កាត់ឱ្យខាងតែបានករណីលេងបាញ់ទឹក ឬជះទឹកនេះ ព្រោះវាជាបញ្ហាប្រឈមមួយ។
ឯកឧត្តមអភិបាលបានបញ្ជាក់ទៀតថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះនៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវបានចាប់ផ្តើម បន្ទាប់ពីបានអាកខានប្រារព្ធពិធីនេះឱ្យបានធំដុំអស់រយៈ២ឆ្នាំកន្លងមកហើយ ដោយសារជំងឺជាសាកលកូវីដ១៩ ប៉ុន្តែសម្រាប់ឆ្នាំនេះក្រោមការប្តេជ្ញាចិត្តយ៉ាងមោះមុត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសបើកឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី និងការរៀបចំកម្មវិធីសប្បាយៗនៅតាមទីវត្តអាររាម និងកន្លែងសាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ។ តាមរយៈនេះឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចរាល់ក្នុងការទទួល រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅទីតាំងតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ ហើយនៅតាមវត្តទាំងង១៥០ទូទាំងរាជធានីភ្នំពេញក៏ត្រូវរៀបចំកម្មវិធីទទួលទេវត្តាឆ្នាំថ្មី និងការរៀបចំកម្មវិធីកម្សាន្តសប្បាយ មានរាំច្រៀង លេងល្បែងប្រជាប្រិយខ្មែរដើម្បីទទួលអំណរទេវត្តាឆ្នាំថ្មី។
ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យរដ្ឋបាលខណ្ឌ និងកងកម្លាំងចម្រុះត្រូវតែពង្រឹងវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយ ដើម្បីធ្វើយ៉ាងណាបង្កើនភាពកក់ក្តៅ សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងគ្មានឧបសគ្គណាមួយមករំខានឡើយ។ អភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំសោភ័ណភាព តុបតែងលម្អភ្លើងចម្រុះពណ៌នៅតាមដងផ្លូវ ទីវត្តអារាម និងនៅតំបន់រម្មណីដ្ឋានវត្តភ្នំ ដើម្បីធ្វើយ៉ាងណាឱ្យទីតាំងទាំងអស់នោះកាន់តែមានសម្រស់ស្រស់ស្អាតនាពេលរាត្រី ជាទីក្រុងស៊ីវិល័យ ដែលទទួលស្វាគមន៍ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មី៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





