មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) ថា សហភាពមីយ៉ាន់ម៉ាបានកាត់បន្ថយរយៈពេលជាប់ទោសរបស់អតីតមេដឹកនាំដែលកំពុងជាប់ពន្ធនាគាររូបនេះ។

លោកស្រី ស៊ូជី វ័យ ៨០ឆ្នាំ កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសជាច្រើនដែលសម្ព័ន្ធមិត្តរបស់លោកស្រី បានលើកឡើងថា មានហេតុផលខាងនយោបាយ ដើម្បីធ្វើឲ្យលោកស្រីនៅឆ្ងាយពីការគ្រប់គ្រងអំណាច ដោយបទចោទទាំងនោះមានចាប់ពីការញុះញង់ និងអំពើពុករលួយ រហូតដល់ការក្លែងបន្លំការបោះឆ្នោត និងការរំលោភច្បាប់សម្ងាត់រដ្ឋ។
មេធាវីរូបនេះបានឲ្យដឹងថា ទោសនេះត្រូវបានកាត់បន្ថយ ១ភាគ៦ ប៉ុន្តែគេនៅតែមិនទាន់ច្បាស់នោះទេថា តើម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ នឹងត្រូវបានអនុញ្ញាតឲ្យជាប់ពន្ធនាគារក្រោមការឃុំខ្លួនក្នុងផ្ទះដែរ ឬអត់ សម្រាបរយៈពេលដែលនៅសល់។
គួរបញ្ជាក់ថា ទូរទស្សន៍រដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានអនុម័តការលើកលែងទោស សម្រាប់អ្នកទោសចំនួន ៤.៣៣៥នាក់ ដែលជាការមានចំណាត់ការបែបនេះលើកទី៣ ក្នុងរយៈពេល ៦ខែកន្លងមក។ ការលើកលែងទោសជាធម្មតាធ្វើឡើង នៅសហភាពមីយ៉ាន់ម៉ាជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យ នៅខែមករា និងពិធីបុណ្យចូលឆ្នាំថ្មី ក្នុងខែមេសានេះ៕
