មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករពីកំណើនសេដ្ឋកិច្ចកើនឡើងយឺត និងអតិផរណាឡើងខ្ពស់ សម្រាប់តំបន់អឺរ៉ុប នៅឆ្នាំ២០២៦ ដោយសារតែវិបត្តិថាមពលដែលបណ្តាលមកពីជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។
នាយកនៃនាយកដ្ឋានអឺរ៉ុប នៅ IMF លោក Alfred Kammer បាននិយាយថា តំបន់នេះជួបប្រទះបញ្ហាប្រឈមសេដ្ឋកិច្ចថ្មីមួយ ដែលទាមទារនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និងកំណែទម្រង់រចនាសម្ព័ន្ធ។ លោក Kammer បានកត់សម្គាល់ថា សហភាពអឺរ៉ុប (EU) រំពឹងថា នឹងមានអត្រាកំណើនត្រឹមតែ ១,៣ភាគរយ សម្រាប់ឆ្នាំបច្ចុប្បន្ន។

ស្ថាប័ននេះបានព្រមានថា សេណារីយ៉ូធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងវិបត្តិផ្គត់ផ្គង់ជាប់លាប់ និងស្ថានភាពហិរញ្ញវត្ថុតឹងតែង អាចជំរុញឲ្យអតិផរណាឡើងដល់ជិត ៥ភាគរយ និងអូសទាញសហភាពអឺរ៉ុបឲ្យខិតជិតនឹងវិបត្តិសេដ្ឋកិច្ច។
ការព្យាករអតិផរណារបស់ IMF សម្រាប់ឆ្នាំ២០២៦ គឺ ២,៦ភាគរយ សម្រាប់តំបន់ចាយប្រាក់អឺរ៉ូ ដោយខ្ពស់ជាង ២,១ភាគរយ ក្នុងឆ្នាំ២០២៥។ ការរំពឹងទុករបស់មូលនិធិនេះ គឺ ២,២ភាគរយ សម្រាប់សេដ្ឋកិច្ចនៃប្រទេសអឺរ៉ុបខាងជើង ១០,៨ភាគរយ សម្រាប់សេដ្ឋកិច្ចប្រទេសអឺរ៉ុបដែលកំពុងរីកចម្រើន ៤,៤ភាគរយ សម្រាប់ពិភពលោក និង ២,៨ភាគរយ សម្រាប់សេដ្ឋកិច្ចជឿនលឿន។
រដ្ឋាភិបាលអឺរ៉ុបពីមុនបានចំណាយជាមធ្យម ២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើកញ្ចប់គាំទ្រថាមពល ក្នុងអំឡុងពេលវិបត្តិថាមពលឆ្នាំ២០២២៕
