នៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានអំពាវនាវឲ្យអ៊ីស្រាអែល និងលីបង់ «ធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ» បន្ទាប់ពីបទឈប់បាញ់រយៈពេល ១០ថ្ងៃ បានចូលជាធរមាន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មាននៅឯរដ្ឋធានីរបស់ចិនថា ទីក្រុងប៉េកាំង «ស្វាគមន៍ ចំពោះកិច្ចប្រឹងប្រែងទាំងអស់ដែលនាំឲ្យឈានដល់បទឈប់បាញ់ និងការបញ្ចប់អរិភាព»។
លោក Guo បាននិយាយថា៖ «ប្រទេសចិនសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ រក្សាសន្ទុះនៃបទឈប់បាញ់ និងការចរចា ហើយដោះស្រាយជម្លោះតាមរយៈមធ្យោបាយនយោបាយ និងការទូត»។

យោងតាមសារព័ត៌មាន Global Times ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានឲ្យដឹងថា លោក Guo បានឆ្លើយតបទៅនឹងសំណួរមួយ អំពីថា តើប្រទេសចិនមើលឃើញយ៉ាងណាដែរ ចំពោះបទឈប់បាញ់ដែលត្រូវបានឈានដល់ដោយលីបង់ និងអ៊ីស្រាអែល។
មួយថ្ងៃមុននេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា អ៊ីស្រាអែល និងលីបង់ បានយល់ព្រមចាប់ផ្តើមបទឈប់បាញ់រយៈពេល ១០ថ្ងៃ ដោយចាប់ផ្តើមនៅវេលាម៉ោង ២១:០០ ម៉ោងសកល កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានកិច្ចចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ នៅទីក្រុង Washington៕

