ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមេសា ឆ្នាំ២០២៦) បានបង្ហាញទំនុកចិត្តថា កិច្ចព្រមព្រៀងមួយអាចនឹងសម្រេចបានក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់។
លោក Trump បាននិយាយថា កិច្ចប្រជុំបន្ទាប់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចធ្វើឡើងនៅចុងសប្តាហ៍នេះ ហើយការពង្រីកបទឈប់បាញ់ពីលើរយៈពេល ២សប្តាហ៍ អាចកើតមាន ប៉ុន្តែប្រហែលជាមិនចាំបាច់ទេ ព្រោះទីក្រុងតេអេរ៉ង់ចង់បានកិច្ចព្រមព្រៀង។

លោកបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានថា៖ «យើងនឹងរង់ចាំមើលថា នឹងមានអ្វីកើតឡើង។ ប៉ុន្តែខ្ញុំគិតថា យើងជិតដល់ការចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ហើយ»។ លោកបានបន្ថែមថា ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវសម្រេចបាន ហើយមានការចុះហត្ថលេខានៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន លោកអាចនឹងទៅទីនោះសម្រាប់ឱកាសនោះ។
លោក Trump បានប្រាប់អ្នកសារព័ត៌មានទៀតថា៖ «មែនហើយ ខ្ញុំនឹងទៅប៉ាគីស្ថាន។ ប៉ាគីស្ថានពិតជាអស្ចារ្យណាស់។ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា នៅទីក្រុងអ៊ីស្លាម៉ាបាដ ខ្ញុំអាចនឹងទៅ។ ពួកគេចង់ឲ្យខ្ញុំទៅ»។
ប៉ុន្មានម៉ោងក្រោយមក អំឡុងពេលស្ថិតនៅទីក្រុង Las Vegas លោក Trump បានលើកឡើងបន្ថែមទៀត ដោយនិយាយថា សង្គ្រាម «គួរតែបញ្ចប់ក្នុងពេលឆាប់ៗនេះ»៕
