អ្នកស្រុក និងក្រុមបរិស្ថាន បានជូនដំណឹងតាំងពីដើមខែមេសានេះមកម្ល៉េះ ក្រោយរកឃើញករណីត្រីងាប់ទ្រង់ទ្រាយធំនៅបឹងទឹកប្រៃស្ថិតនៅតាមតំបន់ឆ្នេរភាគកណ្តាលប្រទេសឈីលី ជាហេតុជំរុញក្រុមអាជ្ញាធរបើកការស៊ើបអង្កេត ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានឈីលី បានឲ្យដឹងថា ត្រីយ៉ាងច្រើន បានងាប់ចាប់តាំងពីថ្ងៃទី ១ ខែមេសារហូតមកនៅបឹងទឹកប្រៃ Zapallar ស្ថិតក្នុងតំបន់ Valparaíso ។
លោក Javier Trivelli គឺជាប្រធានគ្រឹះស្ថាន Lontra ដែលតាមដានបាតុភូតដ៏កម្រនេះ និយាយថា ពួកគេមានជំនឿថា វាអាចបណ្តាលមកពីការធ្លាក់ចុះកម្រិតអុកស៊ីហ្សែននៅក្នុងទឹក ប៉ុន្តែក្រោយមកពួកគេរកឃើញភ័ស្តុតាងថា វាអាចបណ្តាលមកពីសារធាតុចិញ្ចឹមលើសកម្រិតចេញពីតំបន់ដីលិចទឹក ។
ក្រុមអាជ្ញាធរក្នុងស្រុក និងថ្នាក់ជាតិរួមទាំងកងទ័ពជើងទឹកឈីលី បានឆ្លើយតបជាមួយនឹងប្រមូលយកត្រីងាប់ចេញពីទឹក និងយកសំណាកទៅវិភាគបន្ថែមទៀត ៕

