ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានឲ្យដឹងថា ខ្លួនបានតវ៉ាជាមួយទីក្រុងតូក្យូ បន្ទាប់ពីនាវាយោធាជប៉ុន ១គ្រឿង បានចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ការចូលរបស់នាវាកងកម្លាំងស្វ័យការពារជប៉ុនទៅក្នុងច្រកសមុទ្រតៃវ៉ាន់ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន ហើយប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ និងបានដាក់ការតវ៉ាយ៉ាងខ្លាំងជាផ្លូវការជាមួយប្រទេសជប៉ុន»។ លោកបានបន្ថែមថា យោធាចិន «បានដោះស្រាយការចូលនេះស្របតាមច្បាប់ និងបទប្បញ្ញត្តិ»។

ទីភ្នាក់ងារសារព័ត៌មាន Kyodo ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានរាយការណ៍ដោយដកស្រង់ប្រភពថា នាវាអមដំណើរកងកម្លាំងស្វ័យការពារសមុទ្ររបស់ជប៉ុន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃសុក្រនេះ។ មិនមានសេចក្តីថ្លែងការណ៍ជាផ្លូវការពីប្រទេសជប៉ុន អំពីការវិវត្តចុងក្រោយបំផុត នៅក្នុងច្រកសមុទ្រតៃវ៉ាន់នេះទេ។
លោក Guo បានសង្កត់ធ្ងន់ថា ការចូលរបស់នាវាជប៉ុនទៅក្នុងច្រកសមុទ្រតៃវ៉ាន់ «បានបង្ហាញជាថ្មីម្តងទៀតនូវការប៉ុនប៉ងដ៏គ្រោះថ្នាក់របស់បុគ្គលមួយចំនួន នៅក្នុងប្រទេសជប៉ុន ក្នុងការជ្រៀតជ្រែកផ្នែកយោធានៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រនេះ» ដោយលោកបានព្រមានថា ទង្វើបែបនេះ «ធ្វើឲ្យខូចយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ជប៉ុន»៕
