ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR)និយាយនៅថ្ងៃសុក្រនេះថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ៩០០នាក់ ត្រូវបានគេរាយការណ៍ថាបាត់ខ្លួននៅសមុទ្រអាន់ដាម៉ាន់ និងច្រកសមុទ្របឹងហ្គាល់ ក្នុងឆ្នាំ ២០២៥ ធ្វើឲ្យវាក្លាយជាឆ្នាំស្លាប់មនុស្សច្រើនបំផុតជាប់កំណត់ត្រានៅតាមផ្លូវសមុទ្រ ។

លោក Babar Baloch គឺជាអ្នកនាំពាក្យទីភ្នាក់ងារ UNHCR និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ជាង ១ភាគ ៧នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ៦.៥០០នាក់ដែលព្យាយាមឆ្លងកាត់សមុទ្រកាលពីឆ្នាំមុន ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន ឬស្លាប់ ។
លោកបន្តថា ចំនួននេះ បានធ្វើឲ្យវាក្លាយជាអត្រាស្លាប់មនុស្សច្រើនបំផុតនៅលើពិភពលោកសម្រាប់ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ធ្វើដំណើរឆ្លងកាត់សមុទ្រ ។
ការចាកចេញរបស់ពួកគេបង្កឡើដោយសារអំពើហិង្សានៅក្នុងប្រទេសកំណើត និងស្ថានភាពរស់នៅដ៏សំខាន់តាមជំរំជនភៀសខ្លួននៅប្រទេសបង់ក្លាដែស ដោយពួកគេសង្ឃឹមថានឹងអាចធ្វើដំណើរទៅដល់ប្រទេសសុវត្ថិភាពដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬប្រទេសថៃ ៕
