ជនប៉ាឡេស្ទីនជាច្រើននាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ដោយសារការវាយប្រហារដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ដែលបច្ចុប្បន្នឈានចូលដល់ខែទី ៧ទៅហើយ ស្របពេលដែលការវាយឆ្មក់ និងការវាយប្រហារនៅតែបន្តផងដែរ នៅតំបន់កាន់កាប់វ៉េសប៊ែង ។
លោក Mahmoud Bassal គឺជាអ្នកនាំពាក្យក្រុមការពារជនស៊ីវិលប៉ាឡេស្ទីននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា បងប្អូន Abdelmalek និង Abdel Sattar al-Attar ត្រូវបានសម្លាប់ ក្រោយការវាយប្រហារយានដ្រូនរបស់អ៊ីស្រាអែលលើទីក្រុង Beit Lahiya ស្ថិតនៅភាគខាងជើងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ដែលស្ថិតនៅក្រៅតំបន់គ្រប់គ្រងដោយអ៊ីស្រាអែល ក្រោមបទឈប់បាញ់ ។
លោក Bassal បន្តថា ក្មេងប្រុស Saleh Badawi អាយុ ៩ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅសង្កាត់ Zeitoun ស្ថិតនៅភាគខាងកើតទីក្រុងហ្កាហ្សា នៅថ្ងៃនោះដែរ ហើយលោក Mohsen al-Dabbari អាយុ ៣៨ឆ្នាំ ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងទីក្រុង Khan Younis ។
យោងតាមសម្តីសាក្សីនិយាយប្រាប់កាសែត Anadolu បានឲ្យដឹងថា មនុស្ស ៣នាក់ផ្សេងទៀត បានរងរបួស រួមទាំងយុវជនម្នាក់ផងដែរ ក្រោយកងកម្លាំងអ៊ីស្រាអែល បាញ់ប្រហារលើផ្ទះជាច្រើនខ្នង និងសំពត់តង់ ស្ថិតនៅភាគខាងកើតជំរំ Maghazi ៕

