សំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្តហូឡង់ បានគាំទ្រសំណើដែលជំរុញឲ្យរដ្ឋាភិបាលតស៊ូមតិ នៅក្នុងសហភាពអឺរ៉ុប (EU) ដើម្បីឲ្យមានការផ្អាកអង្គប្រកបពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងសមាគម EU-អ៊ីស្រាអែល (EU–Israel Association Agreement) ដោយលើកឡើងពីក្ដីបារម្ភ អំពីសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈហូឡង់ NOS បានបង្ហាញថា ក្នុងអំឡុងពេលជជែកដេញដោល នៅសភា កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមេសា ឆ្នាំ២០២៦) ការខ្វែងគំនិតនៅតែបន្តកើតមាន នៅក្នុងរង្វង់ក្រុមចម្រុះដែលកំពុងកាន់អំណាច ទាក់ទងនឹងរបៀបថា តើត្រូវឆ្លើយតបយ៉ាងខ្លាំងយ៉ាងដូចម្ដេច។
គណបក្សក្នុងរដ្ឋាភិបាលចម្រុះ គឺ D66 និង Christian Democratic Appeal (CDA) អះអាងថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅលីបង់ ការពង្រីកការតាំងទីលំនៅ នៅតំបន់ West Bank និងការវិវត្តនីតិបញ្ញត្តិថ្មីៗនេះ ធ្វើឲ្យមានក្ដីបារម្ភខ្លាំងឡើងៗ អំពីសិទ្ធិមនុស្សធ្ងន់ធ្ងរ។ គណបក្សទាំងនេះ គាំទ្រការស្វែងយល់ពីវិធានការកម្រិតសហភាពអឺរ៉ុប រួមទាំងការផ្អាកបទប្បញ្ញត្តិពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងនេះ។
តែគណបក្សប្រជាជន ដើម្បីសេរីភាព និងប្រជាធិបតេយ្យ (VVD) ដែលក៏ជាផ្នែកនៃរដ្ឋាភិបាលចម្រុះផងដែរនោះ ប្រឆាំងនឹងការថ្កោលទោសអ៊ីស្រាអែលកាន់តែខ្លាំង នៅដំណាក់កាលនេះ។
សំណើនេះទទួលបានការគាំទ្រពីសំឡេងភាគច្រើនឆ្លងគណបក្សយ៉ាងទូលំទូលាយ ក្នុងនោះមានរួមទាំងគណបក្ស GroenLinks-PvdA គណបក្សសង្គមនិយម (Socialist Party) គណបក្សផ្ដោតលើការពារសត្វ (PvdD) គណបក្ស Denk, គណបក្ស Volt Netherlands (Volt) និងគណបក្សវេទិកាសម្រាប់លទ្ធិប្រជាធិបតេយ្យ (FvD)៕