រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលលោក Israel Katz និយាយនៅថ្ងៃសុក្រនេះថា អ៊ីស្រាអែល នឹងបន្តគ្រប់គ្រងទឹកដីទាំងអស់ដែលពួកគេដណ្តើមបាន អំឡុងការឈ្លានពានរបស់ពួកគេនៅតំបន់ភាគខាងត្បូងលីបង់ ។
លោកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបង្កើតតំបន់សន្តិសុខ ក្នុងជម្រៅដី ១០គ.មចូលទៅក្នុងប្រទេសលីបង់ ។
លោកបន្តថា អ៊ីស្រាអែលនឹងបន្តកម្ទេចចោលផ្ទះនៅតាមភូមិដ្ឋានជាច្រើនកន្លែង ដែលលោកអះអាងថា វាត្រូវបានប្រើប្រាស់ដោយក្រុមភេរវករហេសបូឡា ។
លោក Katz និយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូនាថ្ងៃសុក្រនេះថា កងទ័ពអ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទីកន្លែងទាំងអស់ដែលពួកគេបានបោសសម្អាត និងច្បាំងដណ្តើមយក ។
គួរឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសបទឈប់បាញ់រវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ។ រដ្ឋាភិបាលលីបង់មានជម្លោះយ៉ាងខ្លាំងជាមួយក្រុមហេសបូឡាចំពោះការសម្រេចចិត្តរបស់ពួកគេលូកដៃចូលក្នុងសង្រ្គាម ហើយនិងព្យាយាមរំសាយអាវុធក្រុមមួយនេះដោយសន្តិវិធីសម្រាប់រយៈពេល ១ឆ្នាំ ៕