បារាំង និងចក្រភពអង់គ្លេស កំពុងកៀរគងរាប់សិបប្រទេសឲ្យចូលរួមកិច្ចប្រជុំកំពូល ដើម្បីជំរុញផែនការសម្រាប់កងកម្លាំងសមុទ្រពហុជាតិ ជាការធានាសន្តិសុខនៅច្រកសមុទ្រ Hormuz ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមិនមានចំណែកនៅក្នុងកិច្ចពិភាក្សាមួយនេះឡើយ ។
ជំនួបមួយនេះ ធ្វើឡើងនៅថ្ងៃសុក្រនេះ នៅវិមានប្រធានាធិបតី Elysee ស្ថិតក្នុងទីក្រុងប៉ារីសដែលធ្វើជាប្រធានដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer ក្នុងនោះប្រទេសប្រហែល ៣០-៤០ប្រទេស នឹងចូលរួមដោយផ្ទាល់ ឬតាម Video Conference ។
អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និងនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni នឹងចូលរួមដោយផ្ទាល់ផងដែរ ប៉ុន្តេបញ្ជីឈ្មោះពេញលេញនៃសមាសភាពអ្នកចូលរួម ពុំត្រូវបានបញ្ចេញឲ្យដឹងនោះទេ ។
ជំនួបកំពូលមួយនេះ នឹងផ្តល់សំខាន់លើអ្វីដែលត្រូវបានចាត់ទុកថាជា “គំនិតផ្តួចផ្តើមការធ្វើនាវាចរណ៍ដោយសេរីនៅច្រកសមុទ្រ Hormuz” គឺជាបេសកកម្មការពារមួយ ដើម្បីស្តាឡើងវិញផ្លូវដោយសេរីឆ្លងកាត់ដែនទឹកនៅពេលដែលបទឈប់បាញ់យូរអង្វែងនៅក្នុងសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ចូលជាធរមាន ៕