វិមានក្រឹមឡាំង បានលើកឡើងនៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) នេះថា បណ្តាប្រទេស នៅអឺរ៉ុប កំពុងចូលរួមកាន់តែខ្លាំងឡើងៗ ក្នុងសង្គ្រាម នៅអ៊ុយក្រែន ដោយយោងទៅលើការព្រមានពីក្រសួងការពារជាតិរុស្ស៊ី អំពីទីតាំងផលិតយានដ្រូន ទូទាំងទ្វីបនេះ និងនៅចក្រភពអង់គ្លេស។
ក្រសួងការពារជាតិកាលពីថ្ងៃពុធ បានព្រមានប្រឆាំងនឹងផែនការរបស់អឺរ៉ុប ក្នុងការបង្កើនការផ្គត់ផ្គង់យានដ្រូនដល់អ៊ុយក្រែន និងបានចេញផ្សាយបញ្ជីរោងចក្រ និងសហគ្រាសដែលខ្លួនចោទប្រកាន់ថា បានផលិតយានដ្រូន ឬគ្រឿងបន្លាស់របស់យានដ្រូន។ ក្រសួងបានចុះបញ្ជីរោងចក្រនៅក្នុងប្រទេសអង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក ឡាតវី លីទុយអានី ហូឡង់ ប៉ូឡូញ សាធារណរដ្ឋឆែក អេស្ប៉ាញ អ៊ីតាលី អ៊ីស្រាអែល និងទួរគី។
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បានលើកឡើងនៅក្នុងការបង្ហោះជាបន្តបន្ទាប់លើបណ្ដាញសង្គម X ថា បញ្ជីនេះមានចំនួន ស្មើនឹងបញ្ជីគោលដៅដែលអាចមាន សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី។ លោក Medvedev បានបន្ថែមថា៖ «នៅពេលដែលការវាយប្រហារក្លាយជាការពិត អាស្រ័យលើអ្វីដែលកើតឡើងបន្ទាប់។ សូមសម្រាកឲ្យលង់លក់ស្រួល ដៃគូអឺរ៉ុបទាំងឡាយ!»។
នៅពេលត្រូវបានសួរថា តើការផ្សាយជាសាធារណៈរបស់ក្រសួងការពារជាតិ និងមតិយោបល់របស់លោក Medvedev មានន័យថា រុស្ស៊ីកំពុងពិចារណាយ៉ាងពិតប្រាកដ អំពីការវាយប្រហារគោលដៅ នៅអឺរ៉ុបមែន ឬទេ លោក Dmitry Peskov មិនបានផ្តល់ចម្លើយថា មែន ឬអត់នោះឡើយ៕
លោក Peskov គ្រាន់តែបាននិយាយថា៖ «ប្រទេសទាំងនេះកំពុងជាប់ពាក់ព័ន្ធដោយផ្ទាល់កាន់តែខ្លាំងឡើងៗ នៅក្នុងជម្លោះ ពោលគឺក្នុងសង្គ្រាម នៅជុំវិញអ៊ុយក្រែន។ ព័ត៌មានលម្អិតត្រូវបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ»៕