ជ្រលងភ្នំ Grand Canyon គឺជាតំបន់ទេសភាពដ៏អច្ឆរិយភាពមួយរបស់អាមេរិកខាងជើង ស្ថិតក្នុងរដ្ឋ Arizona បង្ហាញនូវលក្ខណៈភូគព្ភសាស្រ្តដ៏សម្បូរបែប ។
បច្ចុប្បន្នការស្រាវជ្រាវផ្តល់នូវទស្សនាទានពីពេលវេលា និងវិធីដែលទន្លេ Colorado ឆ្លាក់ជ្រលងភ្នំមួយនេះ កាលពីរយៈពេលរាប់លានឆ្នាំមុន ដើម្បីហូរឆ្លងកាត់តំបន់ ។
ការសិក្សាគ្រាប់តូចៗនៃរ៉ែហ្ស៊ីកុងនៅក្នុងថ្មភក់បង្កើតពីដីល្បាប់ក្នុងទន្លេ និងភាគល្អិតផេះភ្នំភ្លើង ក្រុមអ្នកស្រាវជ្រាវអាចតាមដានផ្លូវដែលទន្លេឆ្លងកាត់កាលពីមុន ។
ការសិក្សាបង្ហាញថា ទន្លេដែលមានអាយុកាលប្រហែល ៦,៦លានឆ្នាំនេះ ចាប់ផ្តើមហូរចូលបាសាំងនៅភាគឦសានរដ្ឋ Arizona បង្កើតបានជាបឹងរាក់នៅភាគខាងកើត ជាទីដែលវាក្លាយទៅជាជ្រលងភ្នំ Grand Canyon ។
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ទឹកបឹងបានហៀរលើមាត់បឹងកាលពីរយៈពេល ៥,៦លានលានឆ្នាំមុន បង្កើតបានជាតំបន់មួយដែលបច្ចុប្បន្នបានក្លាយជាជ្រលងភ្នំ Grand Canyon ។
បឹងដែលមានទទឹងប្រវែង ១៥០គ.ម បានបាត់ខ្លួនចាប់តាំងពីពេលនោះមក ។ ក្រុមអ្នកស្រាវជ្រាវហៅឈ្មោះក្រៅផ្លូវការថាជាបឹង Bidahochi ផ្អែកលើឈ្មោះទម្រង់ភូគព្ភសាស្ត្រក្នុងតំបន់ ។
លោក John He គឺជាភូគព្ភវិទូ និងជាសហអ្នកនិពន្ធការសិក្សានេះដែលបានចុះផ្សាយលើកាសែត Science និយាយថា ក្រុមអ្នកវិទ្យាសាស្រ្ត បានជជែកដេញដោលជាយូរមកហើយពីពេលដែលជ្រលងភ្នំ ត្រូវបានឆ្លាក់ ហើយការសិក្សារបស់ពួកយើង បានរួមចំណែកដ៏សំខាន់ចំពោះការជជែកដេញដោលនេះ ៕