កំពង់ចាម៖ ដោយមើលឃើញពីការលំបាក និងដើម្បីចូលរួមរំលែកមរណទុក្ខ ព្រមទាំងរំលែកការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានចាត់ឱ្យក្រុមវេជ្ជសាស្ត្រសម្តេចតេជោ និងការងារមនុស្សធម៌ នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនក្រុមគ្រួសារ លោក ធឹម សេរីរិទ្ធ អាយុ២២ ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺមហារីកធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា លោក ធឹម សេរីរិទ្ធ បានទទួលមរណភាពកាលពីជាង២ខែមុន ដោយបន្សល់ទុកប្រពន្ធ កូន(អាយុ៤ខែ) និងម្តាយ រស់នៅក្នុងជីវភាពក្រខ្សត់លំបាកលំបិន នៅភូមិព្រៃញា ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
អំណោយមនុស្សធម៌ទាំងនោះរួមមាន៖ អង្ករ១០០គីឡូក្រាម, មី៥កេស, ត្រីខ១កេស, ទឹកដោះគោខាប់១កេស, មុង២, ខ្នើយ២, ភួយ២,កន្ទេល២,ពូក១, ទឹកត្រី៣យួរ, សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំ និងថវិកាមួយចំនួនផងដែរ។
លោកស្រី វុធ ស្រីខួច អាយុ១៩ ត្រូវជាភរិយាសពលោកលោក ធឹម សេរីរិទ្ធ បានអះអាងថា ប្តីលោកស្រីបានទទួលមរណភាព បន្ទាប់ពីមិនអាចទប់ទល់នឹងជំងឺមហារីកផ្នែកគល់ដើមដៃខាងឆ្វេងដ៏ធ្ងន់ធ្ងរបាន ដោយបន្សល់ទុកម្តាយជាស្ត្រីមេម៉ាយ និងទារកទើបតែអាយុ៤ខែ។
លោកស្រី វុធ ស្រីខួច និងម្តាយក្មេក បានសម្តែងសមានចិត្តរីករាយ រំភើបឥតឧបមា និងថ្លែងអំណរគុណដសម្តេចទាំងទ្វេរ ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា និងសូមជូនពរសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យរីកចម្រើន ប្រកបដោយសុខសន្តិភាពជាបន្តបន្ទាប់ទៅទៀត៕
