ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះថា រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា មានប្រជាពលរដ្ឋដើរកម្សាន្តចំនួនប្រមាណជាង ២១លាននាក់ មានន័យថា ពលរដ្ឋម្នាក់អាចដើរលេងលើសពីមួយដងក្នុងនោះក៏មានភ្ញៀវទេសចរបរទេសជាង៧ម៉ឺននាក់ផងដែរ។ នេះបើយោងតាមតួលេខដែលកត់ត្រាដោយក្រសួងទេសចរណ៍។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃតាមទំនាមទម្លាប់បានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ក៏ដោយ ក៏ប៉ុន្តែ ក្តីសប្បាយរីករាយនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋគ្រប់រូបមិនទាន់ចប់នៅឡើយទេ។ នៅរាជធានីភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្ត ប្រជាពលរដ្ឋទាំងក្មេង ចាស់ ប្រុស ស្រី បាននិងបន្តចូលរួមកម្សាន្តសប្បាយយ៉ាងកុះករ។ នេះសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស បានត្រង់ត្រាប់ស្តាប់តាមប្រសាសន៍របស់ថ្នាក់ដឹកនាំ គឺសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្រកាសជំរុញលើកទឹកចិត្តខ្មែរគ្រប់គ្នាថា ទោះបីជាយើងមានរបួសផ្លូវកាយឬផ្លូវចិត្តក្តី តែយើងមិនត្រូវដេកដួលនៅមួយកន្លែងឡើយ។ ផ្ទុយទៅវិញ យើងត្រូវប្រឹងក្រោកឈរឡើង និងពង្រឹងខ្លួនឱ្យរឹងមាំឡើងដើម្បីក្លាយជាពលរដ្ឋឆ្នើមហើយរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរតែមួយ ទើបខ្មែរខ្លាំង។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ប្រសាសន៍ដ៏មានអត្ថន័យរបស់ថ្នាក់ដឹកនាំកម្ពុជាបានក្លាយជាប្រទីបបំភ្លឺផ្លូវប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ជាក់ស្តែង នៅក្នុងប្រទេស គិតត្រឹមតែរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា មានប្រជាពលរដ្ឋដើរកម្សាន្តចំនួនប្រមាណជាជាង ២១លាននាក់ មានន័យថា ពលរដ្ឋម្នាក់អាចដើរលេងលើសពីមួយដងក្នុងនោះក៏មានភ្ញៀវទេសចរបរទេសជាង៧ម៉ឺននាក់ផងដែរ។ នេះបើយោងតាមតួលេខដែលកត់ត្រាដោយក្រសួងទេសចរណ៍។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ចំនួនប្រជាពលរដ្ឋដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយក្តីសប្បាយរីករាយនិងស្នាមញញឹម គឺជាសក្ខីភាពនៃសាមគ្គីភាពដ៏រឹងមាំនៃប្រជាជាតិខ្មែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជានិងក៏ជាសញ្ញាយ៉ាងច្បាស់ថា ក្រុមប្រឆាំងជ្រុលនិយមដែលព្យាយាមបន្ទុចបង្អាក់ពិធីបុណ្យចូលឆ្នាំថ្មី មិនត្រឹមតែគ្មានឥទ្ធិពលទៅលើសតិអារម្មណ៍ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងត្រូវបានប្រជាពលរដ្ឋផាត់ចេញឱ្យនៅក្រៅសង្វៀនយ៉ាងឯកោបំផុត។ អាចនិយាយបានថា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនផ្តល់តម្លៃដល់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសដែលនៅសេសសល់តិចតួចហើយដែលតែងតែមួលបង្កាច់ប្រសាសន៍របស់ថ្នាក់ដឹកនាំក្នុងចេតនាទុច្ចរិត និងជាពិសេសតែងតែធ្វើសកម្មភាព«ហុចដងដាវឱ្យសត្រូវ»ម្តងហើយម្តងទៀតដើម្បីកេងចំណេញនយោបាយទោះជាត្រូវបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯងក៏ដោយ។
ឯកឧត្តម ប៉ែន បូណា បានរម្លឹកប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន និងកងកម្លាំងគ្រប់ប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តទាំងអស់ ព្រមទាំងក្រុមការពារពាក់ព័ន្ធ ដែលបានចូលរួមនិងបំពេញភារកិច្ចរបស់ខ្លួនដើម្បីធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរប្រព្រឹត្តទៅដោយភាពសប្បាយរីករាយនិងសេចក្តីសុខសុវត្ថិភាពសម្រាប់ប្រជាជនខ្មែរនិងភ្ញៀវទេសចរណ៍។
សម្តេចធិបតីបញ្ជាក់ថា «ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញ និងសង្ក្រាន្តទូទាំងប្រទេសគឺដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី ថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងបម្រើដល់ស្នាមញញឹមមហាគ្រួសារខ្មែរ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយជាមួយនឹងជួរមុខជាប់ជានិច្ច ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួននៅគ្រប់ទីតាំង ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នដែលរាជរដ្ឋាភិបាលបានរៀបចំ»។












