ក្រុមហ៊ុនដឹកជញ្ជូន បានស្វាគមន៍ដោយប្រុងប្រយ័ត្នចំពោះការប្រកាសរបស់អ៊ីរ៉ង់ដែលថាច្រកសមុទ្រ Hormuz បើកឡើងវិញ ប៉ុន្តែបាននិយាយថា ពួកគេនឹងត្រូវការការបញ្ជាក់ច្បាស់ រួមទាំងអំពីហានិភ័យនៃគ្រាប់មីន មុនពេលនាវាធ្វើដំណើរឆ្លងកាត់ចំណុចចូលទៅកាន់ឈូងសមុទ្រ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃសុក្រថា ច្រកសមុទ្រ Hormuz ត្រូវបានបើកសម្រាប់នាវាពាណិជ្ជកម្មទាំងអស់ក្នុងអំឡុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល១០ថ្ងៃជាមួយប្រទេសលីបង់ ដែលជំរុញឱ្យតម្លៃប្រេង និងទំនិញផ្សេងទៀតធ្លាក់ចុះ ខណៈទីផ្សារភាគហ៊ុនបានកើនឡើង។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា នាវាពាណិជ្ជកម្មទាំងអស់ រួមទាំងនាវារបស់សហរដ្ឋអាមេរិក អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្របាន ទោះបីជាផែនការរបស់ពួកគេចាំបាច់ត្រូវសម្របសម្រួលជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ក៏ដោយ។
មន្ត្រីរូបនេះ បាននិយាយថា ការដឹកជញ្ជូននឹងត្រូវបានកំណត់ចំពោះផ្លូវដែលអ៊ីរ៉ង់ចាត់ទុកថាមានសុវត្ថិភាព ហើយនាវាយោធានៅតែត្រូវបានហាមឃាត់។
លោក Arsenio Dominguez អគ្គលេខាធិការនៃទីភ្នាក់ងារដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិ និងអង្គការសមុទ្រអន្តរជាតិ បាននិយាយថា «យើងកំពុងផ្ទៀងផ្ទាត់ការប្រកាសថ្មីៗនេះ ទាក់ទងនឹងការបើកឡើងវិញច្រកសមុទ្រ Hormuz ទាក់ទងនឹងការអនុវត្តតាមសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់នាវាពាណិជ្ជកម្មទាំងអស់ និងការឆ្លងកាត់ដោយសុវត្ថិភាព»។
សមាគមម្ចាស់នាវារបស់ប្រទេសន័រវេស បាននិយាយថា មានរឿងជាច្រើនដែលនឹងត្រូវបញ្ជាក់ឲ្យច្បាស់លាស់មុនពេលនាវាណាមួយអាចឆ្លងកាត់ច្រកសមុទ្រនេះ រួមទាំងបញ្ហាគ្រាប់មីន ស្ថានភាពអ៊ីរ៉ង់ និងការអនុវត្តជាក់ស្តែង។
