លោកប្រធានាធិបតីអាមេរិក Donald Trumpបាននិយាយកាលពីថ្ងៃសុក្រ១៧មេសាសប្ដាហ៍នេះថា លោកអាចនឹងបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ លុះត្រាតែមានកិច្ចព្រមព្រៀងរយៈពេលវែងមួយដើម្បីបញ្ចប់សង្គ្រាម ត្រូវបានសម្រេចនៅត្រឹមថ្ងៃពុធ២២មេសា។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានលើយន្តហោះ Air Force One ពេលត្រឡប់ទៅកាន់ទីក្រុង Washington ពីទីក្រុង Phoenix រដ្ឋ Arizona លោក Trump បាននិយាយថា ពិតជាមានដំណឹងល្អមួយចំនួនសម្រាប់អ៊ីរ៉ង់ ប៉ុន្តែពុំបានបញ្ជាក់លម្អិតនោះទេ។

នៅពេលសួរពីដំណឹងល្អនោះថាជាអ្វី លោក Trump បាននិយាយថា អ្នកទាំងអស់គ្នានឹងលឺពីរឿងនោះ ។លោកគ្រាន់តែគិតថាមានអ្វីមួយដែលគួរតែកើតឡើង ។ពួកលោកទាំងអស់គ្នានឹងមើលឃើញថានឹងមានអ្វីកើតឡើង ហើយលោកគិតថានឹងមានរឿងមួយកើតឡើង។
ប្រធានាធិបតីអាមេរិករូបនេះបានបន្ថែមថា លោកអាចនឹងមិនបន្តបទឈប់បាញ់ទៀតទេប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយសម្រេចបាននៅត្រឹមថ្ងៃពុធនោះ។
លោកថា លោកអាចនឹងមិនបន្តពេលវេលាទៀតឡើយ ហើយការបិទកំពង់ផែរបស់អ៊ីរ៉ង់នឹងនៅតែបន្ត ។វាជារឿងគួរឲ្យស្ដាយ ដែលពួកលោកត្រូវចាប់ផ្ដើមការទម្លាក់គ្រាប់បែកជាថ្មីទៀត៕

