រដ្ឋបាលលោក Trump កាលពីថ្ងៃសុក្រ១៧មេសា បានបន្តការលើកលែង ដែលអនុញ្ញាតឱ្យប្រទេសនានាទិញប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ីនៅលើសមុទ្ររយៈពេលប្រហែលមួយខែ ទោះបីជាក្រុមតំណាងរាស្ត្របានចោទប្រកាន់រដ្ឋាភិបាលនេះ ថាបានបន្ធូរបន្ថយសម្ពាធលើទីក្រុងមូស្គូ ខណៈសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែនកំពុងបន្តក៏ដោយ។

ការលើកលែងរបស់ក្រសួងរតនាគារអនុញ្ញាតឱ្យប្រទេសនានាទិញផលិតផលប្រេងឥន្ធនៈ និងប្រេងកាតរបស់រុស្ស៊ីដែលផ្ទុកនៅលើនាវាគិតចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះដល់ថ្ងៃទី១៦ឧសភាខាងមុខ។ ការលើកលែងនេះ ជំនួសការលើកលែងរយៈពេល ៣០ថ្ងៃដែលផុតកំណត់នៅថ្ងៃទី១១ ខែមេសា និងមិនរាប់បញ្ចូលប្រតិបត្តិការដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ គុយបា និងកូរ៉េខាងជើង។
ចំណាត់ការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្នុងការគ្រប់គ្រងតម្លៃថាមពលសកលដែលបានហក់ឡើងខ្ពស់ក្នុងអំឡុងពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។ ការលើកលែងនេះដែរបានកើតឡើងបន្ទាប់ពីប្រទេសនានានៅអាស៊ី ដែលទទួលរងផលប៉ះពាល់ផ្នែកថាមពលសកល បានដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន អនុញ្ញាតឱ្យមានការផ្គត់ផ្គង់ជំនួសទៅកាន់ទីផ្សារ។
អ្នកនាំពាក្យក្រសួងរតនាគារបាននិយាយថា ខណៈការចរចា ជាមួយអ៊ីរ៉ង់ បង្កើនល្បឿន ក្រសួងរតនាគារចង់ធានាថាប្រេងអាចរកបានសម្រាប់អ្នកដែលត្រូវការ។
កាលពីពីរថ្ងៃមុន រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងមិនបន្តការលើកលែងសម្រាប់ប្រេងរបស់រុស្ស៊ី និងមួយទៀតសម្រាប់ប្រេងអ៊ីរ៉ង់ ដែលគ្រោងនឹងផុតកំណត់នៅថ្ងៃអាទិត្យ នោះទេ៕

