រុស្ស៊ី៖ កាលពីថ្ងៃអង្គារប្រមុខការទូតរុស្ស៊ីលោក Sergei Lavrov បានចោទប្រកាន់លោកខាងលិចថា កំពុងព្យាយាមជាន់ពន្លិចកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែនតាមរយៈការប្រឌិតឲ្យមានរឿងឧក្រិដ្ឋកម្មសង្គ្រាម ទម្លាក់កំហុសលើកងកម្លាំងរុស្ស៊ី។
រដ្ឋធានី Kyiv និងលោកខាងលិចននិយាយថា ពួកគេមានភស្តុតាងរួមទាំងរូបភាព និងការអះអាងពីសាក្សីប្រមូលបានដោយសារព័ត៌មាន Reuters និងអង្គការប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតថា រុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងទីក្រុង Bucha របស់ប្រទេសអ៊ុយក្រែន។ ទីក្រុង Moscow បានទាត់ចោលការចោទប្រកាន់នេះ និងបានហៅការចោទប្រកាន់ទាំងឡាយថា ជាការប្រឌិតដ៏អស្ចារ្យបំផុត។ លោក Lavrov បាននិយាយដោយគ្មានផ្ដល់ភស្តុតាងថា ទីក្រុង Moscow ជឿថា ការចោទប្រកាន់ទាំងនេះត្រូវបានបង្កើតឡើង ដើម្បីបំផ្លិចបំផ្លាញដំណើរការចរចា បន្ទាប់ពីអ្វីដែលលោកបានហៅថា ជាភាពរីកចម្រើននៅពេលក្រុមអ្នកតំណាងអ៊ុយក្រែន និងរុស្ស៊ីបានជួបគ្នាកាលពីសប្ដាហ៍មុននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី៕
អត្ថបទ៖ សុខមាន