ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃសុក្រ ១៧មេសាសប្ដាហ៍នេះ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ថា ទីក្រុងគីវត្រៀមខ្លួនរួចជាស្រេចសម្រាប់លទ្ធភាពនៃកិច្ចប្រជុំកម្រិតខ្ពស់ ដែលពាក់ព័ន្ធនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយនឹងការសម្របសម្រួលដោយប្រទេសទួរគី និងសហរដ្ឋអាមេរិក ។

លោក Sybiha បានថ្លែងក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសទួរគីថា ពួកលោកត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំបែបនេះនៅក្នុងប្រទេសទួរគី។ លោកកំពុងសំដៅទៅលើកិច្ចប្រជុំរវាងលោក Zelenskyy លោក Putin លោកប្រធានាធិបតីទួរគី Recep Tayyip Erdogan និងអាចមានការចូលរួមពីប្រធានាធិបតីអាមេរិក លោក Donald Trump។
លោក Sybiha បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រទេសទួរគីក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងបានថ្លែងអំណរគុណដល់ទីក្រុងអង់ការ៉ាចំពោះការគាំទ្ររបស់ខ្លួន ជាពិសេសតួនាទីរបស់ខ្លួនក្នុងការបង្កើត “ច្រករបៀងគ្រាប់ធញ្ញជាតិ” នៅក្នុងសមុទ្រខ្មៅ៕

