ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃសុក្រថា ការប្រកាសរបស់អ៊ីរ៉ង់អំពីការបើកច្រកសមុទ្រ Hormuz ឡើងវិញកំពុងដើរលើទិសដៅត្រឹមត្រូវ។
លោក Macron បានធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងសេចក្តីប្រកាសរួមមួយ បន្ទាប់ពីសន្និសីទមួយ រៀបចំរួមគ្នាដោយបារាំង និងអង់គ្លេសនៅទីក្រុងប៉ារីស ដែលបាននាំប្រទេសចំនួន ៤៩ មកពិភាក្សាអំពីការធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានចូលរួមកិច្ចប្រជុំនេះ ខណៈមន្ត្រីមកពីទូទាំងអឺរ៉ុប អាស៊ី អាមេរិកឡាទីន និងមជ្ឈិមបូព៌ាបានចូលរួមតាមរយៈសន្និសីទវីដេអូ។
នៅក្នុងកិច្ចប្រជុំនេះ លោក Macron បានស្វាគមន៍បទឈប់បាញ់នៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ ដោយហៅបទឈប់បាញ់ទាំងនោះថាជាការអភិវឌ្ឍវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន។
លោកថា ពួកលោកទាំងអស់គ្នាប្រឆាំងនឹងការរឹតបន្តឹងណាមួយ និងរបបកិច្ចព្រមព្រៀងណាមួយដែលនឹងបង្កើតបានជាការប៉ុនប៉ងធ្វើឯកជនភាវូបនីយកម្មច្រកសមុទ្រ៕

