ព្យុះខ្សាច់បានវាយប្រហារផ្នែកខ្លះនៃតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គឺរ (Xinjiang Uygur Autonomous )ភាគពាយ័ព្យប្រទេសចិនកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ។
វីដេអូឃ្លាំមើលពីទីក្រុងស៊ីហឺហ្ស៊ី (Shihezi City)បង្ហាញថានៅម៉ោងប្រហែល ១៧:១៥នាទី ខ្យល់បក់ខ្លាំងដែលនាំសំណុំខ្សាច់ និងធូលី បានបក់មកពីភាគពាយ័ព្យឆ្ពោះទៅកាន់ទីប្រជុំជន បង្កើតជាជញ្ជាំងខ្សាច់ដ៏ធំមួយដែលគ្របដណ្ដប់តំបន់នោះ។
ជាសំណាងល្អ ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមធ្លាក់ភ្លាមៗបន្ទាប់ពីនោះ ដែលធ្វើឲ្យគុណភាពខ្យល់ប្រសើរឡើង។
លោក An Dongliang អនុប្រធានការិយាល័យឧតុនិយមក្នុងស្រុកបាននិយាយថា ភ្លៀងអាចកាត់បន្ថយភាគល្អិតនៅក្នុងខ្យល់បានយ៉ាងមានប្រសិទ្ធភាព និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃខ្យល់បក់ខ្លាំង និងព្យុះធូលីលើផលិតកម្មកសិកម្ម។
ព្យុះខ្សាច់ក៏បានវាយប្រហារទីក្រុង អ៊ូរ៉ុមឈី ដែលជារដ្ឋធានីក្នុងតំបន់ នៅម៉ោងប្រហែល ២០:០០នាទី នៅថ្ងៃដដែល ផងដែរ ដោយកំណត់ភាពមើលឃើញនៅក្នុងតំបន់ទីក្រុងនៅចន្លោះពី៥០០ ទៅ ១.០០០ ម៉ែត្រ។
ព្យុះខ្សាច់មានរយៈពេលប្រហែល ៣០ នាទី មុនពេលរសាយបាត់បន្តិចម្តងៗ នៅពេលភ្លៀងចាប់ផ្តើមធ្លាក់។
យោងតាមក្រមអ្នកជំនាញឧតុនិយមក្នុងស្រុក មូលហេតុចម្បងនៃព្យុះខ្សាច់គឺកង្វះទឹកភ្លៀងរួមផ្សំជាមួយនឹងខ្យល់បក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕

