យោងតាមការអះអាងរបស់កូរ៉េខាងត្បូង និងជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រនៅជិតតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន ។
ឧបទ្ទេវហេតុនៅថ្ងៃអាទិត្យនេះ បានក្លាយជាការបាញ់មីស៊ីលបាលីស្ទិកលើកទី ៧របស់កូរ៉េខាងជើងក្នុងឆ្នាំនេះ និងជាលើកទី ៤របស់ពួកគេ ក្នុងខែមេសា ។
យោធាកូរ៉េខាងត្បូងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មីស៊ីលទាំងនេះ ត្រូវបានបាញ់នៅជិតទីក្រុង Sinpo ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតកូរ៉េខាងជើង កាលពីវេលាម៉ោង ៦ និង ១០នាទីព្រឹក ម៉ោងក្នុងស្រុក ថ្ងៃអាទិត្យ ។
សេចក្តីថ្លែងការណ៍បន្តថា កូរ៉េខាងត្បូងបានពង្រឹងស្ថានការឃ្លាំមើលរបស់ខ្លួន ហើយនិងបានផ្លាស់ប្តូរព័ត៌មានយ៉ាងជិតស្និតជាមួយសហរដ្ឋអាមេរិក និងជប៉ុន ។
ខណៈពេលនោះដែរ រដ្ឋាភិបាលជប៉ុន បានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គមថា មីស៊ីលបាលីស្ទិកត្រូវបានគេមានជំនឿថា បានធ្លាក់នៅជិតតំបន់ឆ្នេរភាគខាងកើតឧបទ្វីបកូរ៉េ ។ គ្មានការឈ្លានពានជ្រៀតចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ត្រូវបានបញ្ជាក់នោះទេ ។
យោងតាមសារព័ត៌មាន បានឲ្យដឹងថា ការិយាល័យកូរ៉េខាងត្បូង និយាយថា ពួកគេបានរៀបចំជំនួបសន្តិសុខដ៏បន្ទាន់មួយ ។
សូមបញ្ជាក់ថា ការបាញ់សាកល្បងបែបនេះ បានបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)ប្រឆាំងនឹងកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង ។ ប្រទេសឯកាផ្នែកការទូតមួយនេះ បានច្រានចោលបំរាមរបស់ UN ហើយពួកគេនិយាយថា វាបានរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្នុងការការពារខ្លួន ៕

