លោក Mohammad Baqer Qalibaf គឺជាប្រធានសភាអ៊ីរ៉ង់ និងជាអ្នកចរចាជាន់ខ្ពស់មួយរូបនិយាយនៅក្នុងបទសម្ភាសន៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ថា អ៊ីរ៉ង់នៅតែបន្តគ្រប់គ្រងច្រកសមុទ្រ Hormuz បើទោះបីជាមានការបិទការធ្វើនាវាចរណ៍របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកក៏ដោយ ។
លោក Qalibaf បានព្រមានថា ទីក្រុងតេអេរ៉ង់ អាចនឹងធ្វើការរឹតត្បិតលើការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្រ្តមួយនេះ បើសិនជាការបិទរបស់អាមេរិកនៅតែបន្ត ។
អ៊ីរ៉ង់បានប្រកាសការបើកឡើងវិញបណ្តោះអាសន្នច្រកសមុទ្រ Hormuz បន្ទាប់ពីកិច្ចព្រមព្រៀងដាច់ដោយឡែកសម្រាប់បទឈប់បាញ់រយៈពេល ១០ថ្ងៃ រៀបចំឡើងដោយសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍រវាងអ៊ីស្រាអែល និងលីបង់ ។

អ៊ីស្រាអែលបានឈ្លានពានផ្នែកខ្លះនៅតំបន់ភាគខាងត្បូងលីបង់ ក្រោយក្រុមហេសបូឡាគាំទ្រអ៊ីរ៉ង់ បានចូលរួមធ្វើសង្រ្គាមកាលពីដើមខែមីនាកន្លងទៅ ។
ប៉ុន្តែកាលពីថ្ងៃសៅរ៍ ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និយាយថា ការឆ្លងកាត់ច្រកសមុទ្រ Hormuz បានវិលទៅរកការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់យោធាអ៊ីរ៉ង់ ដោយពួកគេលើកឡើងពីអ្វីដែលពួកគេចាត់ទុកថាជាការបំពានម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិក និងជាសកម្មភាពចោរប្លន់ ក្រោមរូបភាពបិទច្រកសមុទ្រ ។
ដោយឡែក ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បាននឹងកំពុងពង្រឹងការបិទការធ្វើនាវាចរណ៍របស់អ៊ីរ៉ង់ ប៉ុន្តែពួកគេពុំបានធ្វើសេចក្តីអត្ថាធិប្បាយពីសម្មភាពចុងក្រោយរបស់អ៊ីរ៉ង់នោះទេ ៕
