នគរបាលនៅប្រទេសអ៊ុយក្រែន បានបាញ់សម្លាប់បុរសម្នាក់ដែលបើកការបាញ់ប្រហារនៅទីក្រុងគីវ កាលពីថ្ងៃសៅរ៍ មុនពេលបង្ខាំងខ្លួនឯងនៅក្នុងផ្សារទំនើប ចាប់ចំណាប់មនុស្សធ្វើជាចំណាប់ខ្មាំង និងមិនព្រមចរចាជាមួយសមត្ថិកិច្ច ។
រូបភាពវីដេអូឃ្លីបពីកន្លែងកើតហេតុ ឃើញក្រុមសង្រ្គោះបន្ទាន់ លើកសាកសពមនុស្សម្នាក់ដាក់លើរថយន្តគិលានសង្រ្គោះ ។ ក្រុមមន្រ្តីនិយាយថា មនុស្សយ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់ ។
ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូនៅពេលយប់ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ការបាញ់ប្រហារនេះ បានកើតឡើងនៅស្រុក Holosiivskyi បណ្តាលឲ្យមនុស្ស ១៤នាក់ រងរបួស រួមទាំងក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ផងដែរ ។

លោកបន្តថា ជនសង្ស័យមានប្រវត្តិឧក្រិដ្ឋកម្ម ហើយនិងបានដុតកម្ទេចចោលផ្ទះល្វែងមួយខ្នងជាកន្លែលគាត់រស់នៅ មុនពេលដើរតាមផ្លូវកាន់កាំភ្លើង ។
សាក្សីនិយាយថា ជនសង្ស័យបានដើរតាមផ្លូវ រួចបាញ់ប្រហារលើមនុស្សនៅជិតខ្លួន ដោយពុំបានព្រមាន មុនពេលចូលទៅក្នុងផ្សារទំនើប ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ក្រុមមន្រ្តីនគរបាល បានព្យាយាមដោយពុំទទួលបានជោគជ័យក្នុងការចរចាជាមួយជនសង្ស័យអស់រយៈពេល ៤០នាទី ។
លោកបន្តថា បុរសរូបនេះគ្រប់គ្រងអាវុធចុះបញ្ជី និងទទួលបានលិខិតបញ្ជាក់វេជ្ជសាស្រ្តឲ្យប្រើប្រាស់អាវុធ ។
ក្រោយពីចរចាពុំបានសម្រេច កងកម្លាំងពិសេស បានសម្រុកចូលក្នុងផ្សារទំនើប រួចក៏បាញ់សម្លាប់ជនសង្ស័យម្នាក់នេះតែម្តង ។ សេវាកម្មសន្តិសុខអ៊ុយក្រែយនិយាយថា ការបាញ់ប្រហារនេះ ត្រូវបានស៊ើបអង្កេតថា ជាទង្វើភេរវកម្ម ។
យោងតាមក្រុមមន្រ្តី បានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវបានកំណត់អត្តសញ្ញាណថា ជាបុរសវ័យ ៥៨ឆ្នាំ មានដើមកំណើតនៅទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ី ៕
