ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា អ៊ីរ៉ង់មិនអាចគំរាមកំហែងសហរដ្ឋអាមេរិកតាមរយៈការបិទច្រកសមុទ្រ Hormuz បាននោះទេ ស្របពេលដែលទីក្រុងតេអេរ៉ង់ បានព្រមានអ្នកដើរនាវាថា ផ្លូវថាមពលដ៏ចាំបាច់ ត្រូវបានបិទម្តងទៀតហើយៗនាវាយ៉ាងហោច ២គ្រឿង ត្រូវបានរាយការណ៍ថា ស្ថិតក្រោមការបាញ់ប្រហារ ។

លោក Trump និយាយថា សហរដ្ឋអាមេរិកមាននូវការសន្ទនាល្អណាស់ជាមួយអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេអេរ៉ង់ខ្លួនឯងទេដែលមិនសូវចាប់អារម្មណ៍ ដោយព្យាយាមបិទច្រកសមុទ្រម្តងទៀត ។ លោកថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្រកាន់ភ្ជាប់គោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួន ។
អ៊ីរ៉ង់និយាយថា ពួកគេបានរឹតត្បិតការគ្រប់គ្រងច្រកសមុទ្រ Hormuz កាលពីថ្ងៃសៅរ៍ ដោយព្រមានអ្នកដើរនាវាថា ផ្លូវថាមពលដ៏សំខាន់មួយនេះ ត្រូវបានបិទម្តងទៀតហើយ ។
ទីក្រុងតេអេរ៉ង់និយាយថា វាជាការឆ្លើយតបចំពោះការបិទនៅតែបន្តលើកំពង់ផែអ៊ីរ៉ងពីសំណាក់សហរដ្ឋអាមេរិក ដោយពួកគេចាត់ទុកថា វាបានបំពានបទឈប់បាញ់របស់ពួកគេ ខណៈមេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei និយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់ក្នុងការបង្កភាពបរាជ័យដ៏ជូរចត់ថ្មីមួយលើគូសត្រូវរបស់ខ្លួន ៕
