អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh និយាយកាលពីថ្ងៃសៅរ៍ថា គ្មានកាលបរិច្ឆេតណាមួយត្រូវបានកំណត់នោះទេ សម្រាប់ជុំបន្ទាប់នៃកិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយក្របខ័ណ្ឌនៃការយោគយល់ ត្រូវតែព្រមព្រៀងគ្នាជាមុនសិន ។
គួរឲ្យដឹងថា កិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍អ៊ិស្លាមឆ្នាំ ១៩៧៩ បានបញ្ចប់ទៅនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដោយពុំមានកិច្ចព្រមព្រៀងណាមួយនោះទេ កាលពីចុងសប្តាហ៍មុន ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រហែលជាមានកិច្ចប្រជុំដោយផ្ទាល់ច្រើនជាងនេះទៀត នៅចុងសប្តាហ៍នេះ បើទោះបីជាក្រុមមន្រ្តីការទូតមួយចំនួននិយាយថា វាទំនងជាគ្មានហេតុផលត្រូវរៀបចំកិច្ចប្រជុំនៅទីក្រុងអ៊ីស្លាម៉ាបាដនោះទេ ជាទីដែលការចរចាត្រូវបានគេរំពឹងថា នឹងធ្វើឡើង ។
លោក Khatibzadeh និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅវេទិកាការទូតនៅខេត្តភាគខាងត្បូង Antalya ប្រទេសទួរគីថា ពួកយើងកំពុងផ្តោតសំខាន់លើការបញ្ចប់ក្របខ័ណ្ឌនៃការយោគយល់រវាងភាគីទាំង ២ ។
លោកបន្តថា ដរាបណាពួកយើងមិនទាន់ឯកភាពគ្នាលើលក្ខខ័ណ្ឌ ពួកយើងក៏មិនអាចកំណត់កាលបរិច្ឆេតបាននោះដែរ មាននូវវឌ្ឍនភាពសំខាន់ ត្រូវបង្កើតពិតប្រាកដ ប៉ុន្តែវិធីសាស្រ្តអតិបរមានិយមដោយភាគីម្ខាង ដែលព្យាយាមធ្វើឲ្យអ៊ីរ៉ង់ក្លាយជាករណីលើកលែងពីច្បាប់អន្តរជាតិ បានរារាំងពួកយើងមិនឲ្យឈានដល់កិច្ចព្រមព្រៀង ។ លោកថ្លែងបែបនេះ ចង់សំដៅលើការទាមទាររបស់សហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ៕
