ប្រដាល់សកល៖ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ទូច ដេវីត បានផ្ដួលកីឡាករហ្វីលីពីន John Paul Panuayan ត្រឹមទឹកទី១ ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងការប្រកួត Thailand Open International Boxing Tournament 2022 នៅខេត្តភូកេត ប្រទេសថៃ កាលពីល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ។
ទូច ដេវីត ធ្វើបានយ៉ាងល្អក្នុងការប្រកួតទម្ងន់ ៦៣គីឡូក្រាមនេះដោយចំណាយពេល ២នាទី និង ១៧វិនាទីដើម្បីផ្ដួលកីឡាករហ្វីលីពីន ហើយត្រូវឡើងទៅជួបកីឡាករម្ចាស់ផ្ទះថៃ Somchay Wongsuwan ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី០៨ ខែមេសាខាងមុខ។ បើឈ្នះការប្រកួតនេះ ដេវីត នឹងមានឱកាសឡើងទៅប្រកួតដណ្ដើមមេដាយមាស ខណៈបើចាញ់នឹងទទួលបានមេដាយសំរឹទ្ធដោយស្វ័យប្រវត្តិ។ ដំណាលគ្នានឹងជ័យជម្នះរបស់មិត្តរួមជាតិនេះដែរ កីឡាករ វី សុភ័ស មិនបានប្រកួតចប់ចុងចប់ដើមនោះទេដោយសាររបួសស្មារើឡើង អំឡុងការប្រកួតជាមួយកីឡាករថៃ ក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាមដែលបង្ខំឲ្យជើងខ្លាំងកម្ពុជារូបនេះ ត្រូវបង្ខំចិត្តបោះបង់ការប្រកួត។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឲ្យដឹងថា វី សុភ័ស បានរងរបួសស្មា តាំងពីការប្រកួតនៅកម្ពុជាមុនចេញទៅបោះជុំរុំហ្វឹកហាត់នៅថៃ ហើយបច្ចុប្បន្នរូបគេក៏កំពុងទទួលបានការតាមដានយ៉ាងយកចិត្តទុកដាក់នៅទីនោះ មុនត្រឡប់មកកម្ពុជាវិញដើម្បីបន្ដព្យាបាល សម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាខែឧសភាខាងមុខ។ សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបញ្ជូនកីឡាករជម្រើសជាតិ ៣រូបទៅបោះជុំរុំហ្វឹកហាត់នៅប្រទេសថៃកាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅមុនបន្ដចូលរួមប្រកួតព្រឹត្តិការណ៍ Thailand Open International Boxing Tournament 2022 ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ដោយមានកីឡាករ-កីឡាការិនីមកពី ១៩ប្រទេសចូលរួម។ រីឯកីឡាករកម្ពុជា ១រូបទៀតគឺកីឡាករ សៅ រង្សី ដែលត្រូវប្រកួតនៅថ្ងៃទី០៦ ខែមេសានេះក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម៕
អត្ថបទ៖ លី ឈុនឡា