រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយនៅជំនួបកំពូលក្នុងខេត្ត Antalya របស់ប្រទេសទួរគីថា ពេលវេលាបានមកដល់ហើយសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងវិធីបែបណាដែលទីក្រុងវ៉ាស៊ីនតោនយល់ឃើញពីទំនាក់ទំនងសេដ្ឋកិច្ចនាពេលអនាគតជាមួយរុស្ស៊ី ប៉ុន្តែការខ្វែងគំនិតគ្នានៅតែមានរវាងប្រទេសទាំង ២ ។
លោក Lavrov និយាយផងដែរថា អង្គការណាតូ មិនស្ថិតក្នុងស្ថានភាពល្អបំផុតនោះទេ ប៉ុន្តែរុស្ស៊ីមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សម្ព័ន្ធមិត្តមួយនេះឡើយ ។

លោកនិយាយថា ពួកយើងមាននូវការមិនឯកភាពគ្នាច្រើនណាស់ជាមួយរដ្ឋបាលអាមរិកបច្ចុប្បន្ន ពិសេសពេលដែលវាជាបញ្ហាអភិវឌ្ឍន៍ ។
លោក Lavrov បន្តថា គ្មានទណ្ឌកម្មណាមួយត្រូវបានដកចេញនោះទេ ចាប់តាំងពីពេលកាន់អំណាចរបស់លោកអតីតប្រធានាធិបតី Joe Biden សូម្បីតែទ្រព្យសកម្មការទូតក៏មិនទាន់ប្រគល់ឲ្យមកវិញដែរ ហើយក្រុមហ៊ុនរបស់ពួកយើង បានរងទណ្ឌកម្មថ្មីៗ មិនថាក្រុមហ៊ុនឧស្ម័ន LUKOIL ឬក្រុមហ៊ុន Rosneft នោះទេ ។
រុស្ស៊ី បានព្យាយាមបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្មីជាមួយសហរដ្ឋអាមេរិក ដែលជាការប៉ុនប៉ងមួយរបស់ពួកគេ ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកការទូតជាមួយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ៕
