មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei និយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់ ត្រៀមខ្លួនរួចរាល់ក្នុងការបង្កបរាជ័យដ៏ជូរចត់ថ្មីមួយទៀតដល់គូសត្រូវសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
នៅក្នុងសេចក្តីថ្លែងការណ៍នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ លោក Khamenei និយាយថា កងទ័ពត្រៀមក្រោកឈរប្រឆាំងផែនការអាក្រក់របស់សហរដ្ឋអាមេរិក ដែលជាកាកសំណល់របស់របបលោក Pahlavi និងក្រុមផ្តាច់ខ្លួនដែលចង់កាត់ជាកង់អ៊ីរ៉ង់ និងបង្កើតសមិទ្ធិផលវីរភាព ។
ប្រភពព័ត៌មានពីសន្តិសុខសមុទ្រចំនួន ៣ និងប្រភពដឹកជញ្ជូន បានឲ្យដឹងថា នាវាពាណិជ្ជកម្មយ៉ាងហោច ២គ្រឿង ត្រូវបានគេរាយការណ៍ថា រងការបាញ់ប្រហារ ពេលដែលពួកគេព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ភ្លាមៗក្រោយអ៊ីរ៉ង់និយាយថា ពួកគេបានរឹតបន្តឹងម្តងទៀតការគ្រប់គ្រងច្រកសមុទ្រដ៏សំខាន់មួយនេះ ។
នៅពេលមុននេះ ទិន្នន័យតាមដានផ្លូវសមុទ្របង្ហាញថា ក្បួននាវាដឹកប្រេង ៨គ្រឿង កំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាការធ្វើដំណើរទ្រង់ទ្រាយធំលើកដំបូងរបស់នាវា ចាប់តាំងពីសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់ផ្តើមកាលពីរយៈពេល ៧សប្តាហ៍មុន ។
ប៉ុន្តែអ៊ីរ៉ង់ និយាយថា ពួកគេបានរឹតត្បិតការគ្រប់គ្រងផ្នែកយោធាលើផ្លូវទឹកមួយនេះឡើងវិញ ស្របពេលដែលសហរដ្ឋអាមេរិកនៅតែបិទកំពង់ផែអ៊ីរ៉ង់ ៕

