ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា ក្រុមតំណាងមកពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមឧទ្ទាមដែលជាសម្ព័ន្ធមិត្តទន្លេកុងហ្គោ(Alliance Fleuve Congo) បានបង្កើតវឌ្ឍនភាពលើពិធីសារនៃការចែកចាយជំនួយមនុស្សធម៌ ការការពារច្បាប់ ការត្រួតពិនិត្យបទឈប់បាញ់ និងការដោះលែងអ្នកទោស ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយរដ្ឋាភិបាលកុងហ្គោ និងក្រុមឧទ្ទាមថា អំឡុងជំនួបនៅប្រទេសស្វីសក្នុងសប្តាហ៍នេះ ភាគីពាក់ព័ន្ធ បានឯកភាពចៀសវាង ការវាយប្រហារលើជនស៊ីវិល និងសម្របសម្រួលផ្លូវសម្រាប់បុគ្គលិកមនុស្សធម៌ និងក្បួនរថយន្តដឹកជំនួយ ។
កិច្ចប្រជុំនេះ បានក្លាយជាជំហានបណ្តោះអាស័ន្នមួយឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងនៅតំបន់ភាគខាងកើតកុងហ្គោដែលរងផលប៉ះពាល់ដោយសារជម្លោះ ជាទីដែលការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធ បានកើនឡើង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។
តំបន់ភាគខាងកើតកុងហ្គោ បានញាំញីដោយសារអស្ថិរភាពជាយូរមកហើយ បង្កឡើងដោយសារភាពតានតឹងរបស់ជនជាតិភាគតិច ការប្រជែងគ្នាដណ្តើមតំបន់សម្បូររ៉ែ និងវត្តមានរបស់ក្រុមជីវពល ។
ការបះបោររបស់ក្រុមចលនា ២៣មីនា(M23) បានធ្វើឲ្យអស្ថិរភាពកាន់តែខ្លាំងនៅខេត្ត North Kivu ក្នុងនោះទីក្រុង Kinshasa បានចោទប្រកាន់ប្រទេសជិតខាងរ៉្វាន់ដា ថាបានគាំទ្រក្រុមមួយនេះ គឺជាការចោទប្រកាន់មួយដែលទីក្រុង Kigali ច្រានចោល ៕