បាល់ទាត់៖ សហព័ន្ធបាល់ទាត់ប្រទេសរុស្ស៊ីបានសម្រេចទម្លាក់ចោលការប្តឹងតវ៉ាទៅកាន់ FIFA ហើយពាក់ព័ន្ធបម្រាមឱ្យលេង World Cup ជុំវិញសង្គ្រាមនៅលើទឹកដីទឹកដីអ៊ុយក្រែន។ សម្ព័ន្ធបាល់ទាត់នៃប្រទេសរុស្ស៊ីបានធ្វើការតវ៉ាទៅកាន់តុលាការកីឡា CAS នាពេលកន្លងមក។
ក្រុមបាល់ទាត់ជំរើសជាតិរុស្ស៊ីត្រូវលេងជម្រុះ World Cup វគ្គ Play-Off ទល់នឹងប៉ូឡូញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែប៉ូឡូញត្រូវបានសម្រេចឱ្យឡើងស្វ័យប្រវត្តិក្រោយការដាក់បម្រាមរបស់ FIFA។ យ៉ាងណាក្តីរុស្ស៊ីនឹងបន្តធ្វើការប្តឹងតវ៉ាដើម្បីឱ្យកីឡាផ្សេងៗរបស់ខ្លួនបានប្រកួតលើឆាកអន្តរជាតិវិញ។ បម្រាមផ្សេងៗទៀតនោះរួមមាន UEFA មិនអនុញ្ញាតឱ្យក្លិបរុស្ស៊ីប្រកួតនៅក្របខណ្ឌអឺរ៉ុប ឧទាហរណ៍ដូចជា Spartak Moscow ដែលត្រូវបានដកចេញពីការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ UEFA Europa League។
UEFA ថែមទាំងហាមឃាត់ឱ្យក្រុមបាល់ទាត់ស្ត្រីរុស្ស៊ីប្រកួតនៅ Euro 2022 នៅទឹកដីទឹកដីអង់គ្លេសផងដែរ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលនេះដែលគ្រោងធ្វើនៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ីនោះ ក៏ត្រូវផ្លាស់ចេញទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំងផងដែរនៅថ្ងៃទី២៨ ខែឧសភា។ រុស្ស៊ីក៏បានធ្វើការប្តឹងតវ៉ាដែរជុំវិញការហាមឃាត់មិនឱ្យអត្តពលិករបស់ខ្លួន ប្រកួតនៅការប្រកួតលក្ខណៈអន្តរជាតិកីឡាកាយសម្ព័ន្ធ បាល់ឱប ប្រណាំងទូក និងកីឡាទឹកកកជាដើម៕
អត្ថបទ៖នាង សុភាវុធ