រសៀលថ្ងៃអាទិត្យទី១៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបបងប្អូនប្រជាពលរដ្ឋភៀសសឹកតាមខ្នងផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បន្ទាប់ពីប៉ុន្មានថ្ងៃមុននេះមានភ្លៀង និងខ្យល់កន្រ្តាក់ ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ដោយសារខ្យល់កន្រ្តាក់បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង៦០០ខ្នង ក្នុងស្រុកចំនួន៦ និងឃុំចំនួន៩ ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដោយឡែក ចំពោះផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ក៏មានការប៉ះពាល់ទៅលើដំបូល និងជញ្ជាំងស្របពេលក្រុមការងារកំពុងពន្លឿនសកម្មភាពការងារសាងសង់។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឲ្យអាជ្ញាធរខេត្ត និងក្រុមការងារចុះពិនិត្យជូនប្រជាពលរដ្ឋ។
តាមរយៈការចុះជួបផ្ទាល់ជាមួយបងប្អូនភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងការអរគុណ ចំពោះការយោគយល់របស់បងប្អូនភៀសសឹក និងតែងតែផ្តល់ព័ត៌មាន និងរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីអន្តរាគមន៍ដោះស្រាយបញ្ហាបានទាន់ពេលវេលា។
បន្ទាប់ពីចុះជួបប្រជាពលរដ្ឋភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យ និងជំរុញសកម្មភាពការងារខួងអណ្តូងទឹកសម្រាប់ប្រជាពលរដ្ឋភៀសសឹកប្រើប្រាស់ឲ្យបានឆាប់រហ័សផងដែរ៕