សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ១៩ មេសា ថា ខ្លួនបានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាមរត់គេចពីការបិទផ្លូវរបស់ខ្លួន ហើយអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងសងសឹក ដោយបង្កើនលទ្ធភាពដែលថាបទឈប់បាញ់រវាងប្រទេសទាំងពីរអាចនឹងមិនមានរយៈពេលយូរសូម្បីតែពេលវេលានៅសល់ពីរថ្ងៃទៀត ដែលត្រូវបានកំណត់ឱ្យនៅតែជាធរមានក៏ដោយ។

កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាពយូរអង្វែងជាងមុននៅក្នុងតំបន់ក៏ហាក់ដូចជាស្ថិតក្នុងស្ថានភាពរង្គោះរង្គើផងដែរ ខណៈអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងមិនចូលរួមក្នុងការចរចាជុំទីពីរដែលសហរដ្ឋអាមេរិកសង្ឃឹមថានឹងចាប់ផ្តើមមុនពេលបទឈប់បាញ់ផុតកំណត់នៅថ្ងៃអង្គារសប្ដាហ៍នេះនោះទេ។

ការបិទផ្លូវដឹកជញ្ជូនរយៈពេលមួយសប្តាហ៍ដែលបានជំរុញឱ្យតម្លៃប្រេងសកលកើនឡើងក៏អាចនៅតែមានដែរ។
សហរដ្ឋអាមេរិកបានបន្តបិទកំពង់ផែអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានបើកឡើងវិញ ហើយបន្ទាប់មកបានបិទជាថ្មីទៀតនូវច្រកសមុទ្រហ័រមូស(Hormuz) ដែលមុនពេលសង្គ្រាមចាប់ផ្តើមជិតពីរខែមុន បានជួយសម្រួលប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក។

យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់ទៅលើនាវាដឹកទំនិញមានទង់ជាតិអ៊ីរ៉ង់ ខណៈនាវានោះបានធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Bandar Abbasរបស់អ៊ីរ៉ង់។
លោកប្រធានាធិបតី Trump បានសរសេរនៅលើបណ្តាញសង្គមថា ពួកលោកបានគ្រប់គ្រងទាំងស្រុងលើនាវារបស់ពួកគេ ហើយកំពុងមើលថាតើមានអ្វីនៅលើនាវានោះ។
គួររម្លឹកថាកាលពីថ្ងៃទី៨មេសាពេលវេលានៅក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល លោក Trump បានប្រកាសលើបណ្ដាញសង្គម Truth Social ថា លោកបានយល់ព្រមបទឈប់បាញ់ពីរសប្ដាហ៍ជាមួយអ៊ីរ៉ង់ ក្រោមការសម្របសម្រួលដោយប៉ាគីស្ថាន៕