អាជ្ញាធរតំបន់បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់កុមារ៨នាក់មានអាយុចាប់ពី១ឆ្នាំដល់ ១៤ ឆ្នាំ នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំមួយកាលពីថ្ងៃអាទិត្យ ទី ១៩ ខែមេសា នៅលំនៅឋានមួយកន្លែងក្នុងទីក្រុង Shreveport រដ្ឋ Louisiana សហរដ្ឋអាមេរិកក្នុងហេតុការណ៍មួយដែលត្រូវបានគេពិពណ៌នាថាជាអំពើហិង្សាក្នុងគ្រួសារ មុនពេលនគរបាលបាញ់សម្លាប់ខ្មាន់កាំភ្លើងក្នុងពេលដេញតាមរថយន្ត។

សាកសពរបស់កុមារចំនួនប្រាំពីរនាក់ត្រូវបានគេរកឃើញនៅក្នុងលំនៅឋាន ខណៈសាកសពកុមារទីប្រាំបីត្រូវបានបាញ់ខណៈកំពុងព្យាយាមរត់គេចខ្លួននៅលើដំបូល នេះបើយោងតាមអ្នកនាំពាក្យនៃអង្គភាពនគរបាលទីក្រុង Shreveport។ នគរបាល បាននិយាយថា ជនសង្ស័យក៏មានកូនៗរស់នៅក្នុងលំនៅឋាននេះដែរ។ យោងតាមការបង្ហោះនៅលើបណ្តាញFacebook របស់នគរបាលក្រុង Shreveport បានឲ្យដឹងថា ព័ត៌មានបឋមបានបង្ហាញថា ហេតុការណ៍បានចាប់ផ្តើមនៅពេលដែលជនសង្ស័យបានបាញ់ស្ត្រីម្នាក់ ហើយក្រោយមកបានចាកចេញទៅកាន់លំនៅឋានមួយកន្លែងដែលកុមាររស់នៅ។

នគរបាលបានកំណត់អត្តសញ្ញាណជនសង្ស័យមានឈ្មោះ Shamar Elkins។ ហេតុការណ៍នេះ បានកើតឡើងក្រោយម៉ោង ៦ ព្រឹកថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក ។ នគរបាលនិយាយថា មនុស្សយ៉ាងហោចណាស់ ១០ នាក់ត្រូវបានបាញ់ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពជនរងគ្រោះដែលនៅរស់រានមានជីវិតនោះទេ។
ជនសង្ស័យបានប្លន់យករថយន្តមួយគ្រឿងបន្ទាប់ពីការបាញ់ប្រហារ ហើយត្រូវបានសម្លាប់នៅពេលដែលនគរបាលបានបាញ់ទៅលើរថយន្តនោះក្នុងអំឡុងពេលដេញតាម។ អ្នកនាំពាក្យរបស់នគរបាលរដ្ឋ Louisiana បាននិយាយថា នគរបាលរដ្ឋ Louisiana កំពុងស៊ើបអង្កេតការបាញ់ប្រហារដែលពាក់ព័ន្ធនឹងមន្ត្រីនគរបាលទៅលើបុរសខ្មាន់កាំភ្លើង។