តម្លៃប្រេងឡើងថ្លៃ ប្រាក់ដុល្លារអាមេរិកងើបឡើងពីកម្រិតទាបបំផុត និងទីផ្សារភាគហ៊ុនសកលឡើងចុះមិនទៀងទាត់ នៅថ្ងៃចន្ទ ២០ មេសានេះ ខណៈការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា បានធ្វើឱ្យការដឹកជញ្ជូនទាំងចូល និងចេញពីឈូងសមុទ្រមានកម្រិតទាបបំផុត ទោះបីជាពាណិជ្ជករកំពុងរក្សាក្តីសង្ឃឹមសម្រាប់ដំណោះស្រាយក៏ដោយ។

បទឈប់បាញ់ក្នុងសង្គ្រាមអ៊ីរ៉ង់ ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃអង្គារ២១មេសាស្អែកនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ហើយបញ្ជាការយោធាកំពូលរបស់ទីក្រុងតេអេរ៉ង់ បានសន្យាសងសឹក។

អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ឡើងវិញ ទោះបីជាទិន្នន័យរបស់ស្ថាប័នតាមដានទីផ្សារសកល Kpler បានបង្ហាញថា នាវាជាង ២០ គ្រឿងដែលដឹកផលិតផលប្រេង លោហធាតុ ឧស្ម័ន និងជីកសិកម្មបានឆ្លងកាត់ច្រកនេះកាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃដ៏មមាញឹកបំផុតសម្រាប់ផ្លូវឆ្លងកាត់នេះ ចាប់តាំងពីថ្ងៃទី ១ ខែមីនា។
តម្លៃប្រេងឆៅ Brent បានកើនឡើងប្រហែល ៦ ភាគរយដល់៩៦ ដុល្លារអាមេរិកក្នុងមួយបារ៉ែលក្នុងការជួញដូរដំបូងនៅតំបន់អាស៊ី។ ប្រាក់ដុល្លារ ដែលបានធ្លាក់ថ្លៃកាលពីថ្ងៃសុក្រ នៅពេលដែលច្រកសមុទ្របានបើកមួយរយៈខ្លី បានកើនឡើងបន្តិចនៅថ្ងៃចន្ទនេះ។

ចំណែកតម្លៃសន្ទស្សន៍ភាគហ៊ុន S&P 500 បានធ្លាក់ចុះប្រហែល ០,៧ ភាគរយ ជាការប្រែប្រួលតិចតួច ក្រោយសន្ទស្សន៍នេះបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃសុក្រ។ ទីផ្សារអាស៊ីប៉ាស៊ីហ្វិកមានភាពចម្រុះទាំងឡើងនិងចុះ ដោយតម្លៃផ្សារហ៊ុន S&P/ASX 200 របស់អូស្ត្រាលីធ្លាក់ចុះ ០,៥ ភាគរយ សន្ទស្សន៍គោល Nikkei របស់ជប៉ុនកើនឡើង០,៧ ភាគរយ និង KOSPI របស់កូរ៉េខាងត្បូងកើនឡើង ០,៣ភាគរយ៕