មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញបន្ទាប់ពីអគ្គិភ័យបានឆេះបំផ្លាញលំនៅឋានប្រហែល ១.០០០ ខ្នងក្នុងភូមិឆ្នេរសមុទ្រមួយនៅរដ្ឋ Sabah លើកោះ Borneo ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ១៩ មេសា នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យ។

លោក Jimmy Lagung ប្រធានផ្នែកពន្លត់អគ្គិភ័យ និងជួយសង្គ្រោះថ្នាក់ស្រុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរត្រូវបានជូនដំណឹងអំពីអគ្គិភ័យនៅក្នុងស្រុក Sandakan នៅម៉ោងប្រហែល ០១:៣២នាទីព្រឹក ។

លោក Lagung បាននិយាយថា ខ្យល់បក់ខ្លាំង និងផ្ទះនៅជាប់ៗ បានបណ្តាលឱ្យអគ្គិភ័យរាលដាលយ៉ាងឆាប់រហ័ស ខណៈស្ថានភាពទឹកសមុទ្រទាបក៏ធ្វើឱ្យពិបាកក្នុងការទទួលបានប្រភពទឹកសម្រាប់ពន្លត់ផងដែរ។
អគ្គិភ័យបានឆាបឆេះនៅក្នុងភូមិលើទឹកមួយរបស់រដ្ឋ Sabah ដែលផ្ទះទាំងនោះត្រូវបានសាងសង់ពីឈើ និងជាជម្រករបស់សហគមន៍ក្រីក្របំផុតមួយចំនួនរបស់ប្រទេសនេះ រួមទាំងក្រុមជនជាតិដើមភាគតិច និងមនុស្សរស់នៅដោយគ្មានរដ្ឋជាច្រើន។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានឲ្យដឹងថា ប្រជាជនជាង ៩.០០០ នាក់បានរងផលប៉ះពាល់ដោយអគ្គិភ័យនេះ ទោះបីជាមិនមានរបាយការណ៍អំពីការស្លាប់ក៏ដោយ ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា រដ្ឋាភិបាលសហព័ន្ធកំពុងសម្របសម្រួលជាមួយអាជ្ញាធររដ្ឋ Sabah ដើម្បីផ្តល់ជំនួយជាមូលដ្ឋាន និងការផ្លាស់ទីលំនៅបណ្តោះអាសន្នសម្រាប់អ្នកដែលរងផលប៉ះពាល់៕