អាជីវកម្ម និងសាលារៀននៅក្នុងទីក្រុង Kiryat Shmona ភាគខាងជើងអ៊ីស្រាអែល ត្រូវបានបិទទ្វារកាលពីថ្ងៃអាទិត្យ ១៩ មេសា ដើម្បីតវ៉ាប្រឆាំងនឹងបទឈប់បាញ់នៅលីបង់។

ខណៈអ្នកស្រុកមួយចំនួនបានសម្តែងក្តីសង្ឃឹមរបស់ពួកគេសម្រាប់សន្តិភាពយូរអង្វែងជាមួយលីបង់ អ្នកផ្សេងទៀតបាននិយាយថា អ៊ីស្រាអែលមិនគួរឈប់ប្រយុទ្ធជាមួយកងជីវពលហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ទេ ព្រោះពុំទទួលបានអ្វីឡើយ។

យោងតាមអត្ថបទនៃកិច្ចព្រមព្រៀងចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងគ្នាលើការបញ្ឈប់អរិភាព កាលពីថ្ងៃទី១៦ ខែមេសា វេលាម៉ោង ២១:០០នាទី ម៉ោងសកល សម្រាប់រយៈពេលដំបូង១០ ថ្ងៃ ដើម្បីអាចឱ្យមានការចរចាសន្តិភាពរវាងប្រទេសទាំងពីរ។
ប៉ុន្តែអំពើហិង្សាបានបន្តកាលពីថ្ងៃសៅរ៍១៨ មេសាសប្ដាហ៍មុន នៅពេលដែលទាហានជនជាតិបារាំងម្នាក់ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀតរងរបួសនៅភាគខាងត្បូងលីបង់ ក្នុងការវាយប្រហារមួយដែលកងកម្លាំងរក្សាសន្តិភាព UNIFIL និងក្រុមមន្ត្រីបារាំងបាននិយាយថា ទំនងជាត្រូវបានធ្វើឡើងដោយក្រុមហេសបូឡា។
ដោយឡែក យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់សមាជិកម្នាក់របស់ក្រុមភេរវករ ដែលបានរំលោភលើបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ដោយនិយាយថា ខ្លួនត្រូវបានអនុញ្ញាតឱ្យចាត់វិធានការការពារខ្លួនក្នុងករណីចាំបាច់៕