បាល់ទាត់៖ ក្រុមជើងឯករង Manchester City ត្រូវធ្វើការធ្ងន់ទម្រាំរកបានគ្រាប់ជ័យជំនះលើ Atletico Madrid ជើងទី១ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League នៅកីឡដ្ឋាន Etihad។ ក្រុមរបស់លោក Diego Simeone មានប្រព័ន្ធការពារដ៏រឹងមាំ និងជាយុទ្ធសាស្ត្រការពាររបស់អ្នកចាត់សញ្ជាតិអាហ្សង់ទីនរូបនេះផងដែរ។

ឱកាសជាច្រើនរបស់ Manchester City នៅវគ្គទី១ សុទ្ធតែខ្ជះខ្ជាយ និងមិនមានសំណាង។ យ៉ាងណាក្តីគ្រាប់បាល់ជ័យជំនះរបស់ Manchester City ត្រូវរង់ចាំដល់វគ្គទី២ នាទីទី៧០ នៅពេលកីឡាករបម្រុងផ្លាស់ប្តូរចូល Phil Foden បញ្ជូនឱ្យ Kevin de Bruyne ស៊ុតបញ្ចូលទីបានសំរេច។ Atletico Madrid មិនមានឱកាសស៊ុតសូម្បីមួយលើកក្នុងការប្រកួត ពោលគឺជាការរៀបយុទ្ធសាស្ត្រការពារតែម្តង។ អ្នកចាត់ការ Man City លោក Pep Guardiola និយាយថា មិនមែនជារឿងងាយឡើយ នៅពេលជួបក្រុមដែលមានបទពិសោធន៍ក្រាសក្រែលនៅ Champions League តែលោកសប្បាយចិត្តដែលយ៉ាងហោចណាស់អាចរកបាន ១គ្រាប់ជាទុននៅជើងទី២។
ចំណែកលោក Diego Simeone បានសំដែងអារម្មណ៍ខកចិត្តដែលរបូតបាល់មួយគ្រាប់នេះ តែលោកក៏ដឹងដែរថា ក្រុមរបស់លោកនឹងត្រូវរងការប្រយុទ្ធខ្លាំងពីគូប្រកួត ដែលសំបូរដោយកីឡាករឆ្នើមៗមួយនេះ។ ជើងឯកទី២ រវាងក្រុមទាំងពីរនឹងត្រលប់ទៅទឹកដី Wanda Metropolitano របស់ Atletico Madrid វិញនៅថ្ងៃទី១៣ សប្តាហ៍ក្រោយ៕
អត្ថបទ៖នាង សុភាវុធ