នាយករដ្ឋមន្ត្រី លោក Pedro Sanchez បាននិយាយកាលពីថ្ងៃអាទិត្យថា អេស្ប៉ាញនឹងស្នើសុំឲ្យសហភាពអឺរ៉ុប បញ្ចប់កិច្ចព្រមព្រៀងសមាគមរបស់ខ្លួនជាមួយអ៊ីស្រាអែល ជុំវិញការរំលោភបំពានច្បាប់អន្តរជាតិ។

អេស្ប៉ាញបានរិះគន់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ចំពោះជម្លោះតំបន់ហ្កាហ្សា និងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ជិតខាង។ លោក ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់អេស្ប៉ាញពីបទ «លាក់ពុត និងអរិភាព»។

លោក Sanchez បានប្រាប់ការជួបជុំនយោបាយមួយ នៅសហគមន៍ស្វយ័ត Andalusiaនៃប្រទេសនេះ ថា នៅថ្ងៃអង្គារ រដ្ឋាភិបាលអេស្ប៉ាញ នឹងដាក់សំណើមួយទៅសហភាពអឺរ៉ុបថា សហភាពអឺរ៉ុប ត្រូវបញ្ចប់ កិច្ចព្រមព្រៀងសមាគមរបស់ខ្លួនជាមួយអ៊ីស្រាអែល»។
លោកបានចោទប្រកាន់ថា អ៊ីស្រាអែល «រំលោភច្បាប់អន្តរជាតិ» ហើយដូច្នេះ «មិនអាចជាដៃគូរបស់សហភាពអឺរ៉ុបបានទេ»។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានឆ្លើយតបជាមួយនឹងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមជាភាសាអេស្ប៉ាញ ដោយនិយាយថា ប្រទេសរបស់លោក នឹងមិនទទួលយកអនុសាសន៍លាក់ពុតពីនរណាម្នាក់ដែលរក្សាទំនាក់ទំនងជាមួយរបបផ្តាច់ការនោះទេ ដោយលើកឡើងពីប្រទេស ទួរគី និងវ៉េណេស៊ុយអេឡា ក្រោមការដឹកនាំរបស់អតីតមេដឹកនាំ លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro)៕