ព្រះសង្ឃ និងប្រជាពលរដ្ឋ បានថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់ជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរ យាងមក គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់របស់ជាតិ និងប្រជានុរាស្រ្ដខ្មែរ។
ព្រះគ្រូ ប៊ិន អ៊ីម ចៅអធិការវត្តប្រជុំវង្ស និង ប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ បានសម្ដែងនូវព្រះទ័យ និងក្ដីព្រួយបារម្ភ បន្ទាប់ពីទទួលព័ត៌មាន ថា ព្រះមហាក្សត្រ ទ្រង់ប្រឈួន ដែលព្រះរោគនោះតម្រូវឲ្យព្រះអង្គ ទទួលការព្យាបាលដោយវះកាត់ តាមវេជ្ជបញ្ជានៅក្នុងមន្ទីរពេទ្យ នារដ្ឋធានីប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈ ដើម្បីពិនិត្យតាមដាន និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។
ព្រះសង្ឃ និង ប្រជាពលរដ្ឋ បានបូងសួង ថ្វាយព្រះពរ ព្រះមហាក្សត្រ សូមព្រះករុណា ទ្រង់ប្រកបដោយ ព្រះសុខភាពល្អ បរិបូរណ៍ ព្រះកាយពលំ មាំមួន និងឆាប់ជាសះស្បើយ ពីព្រោះរោគទាំងឡាយ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ ដល់ជាតិ និងប្រជានុរាស្រ្ដខ្មែរជានិរន្ដរ៍តរៀងទៅ។
សូមជម្រាបជូនថា ព្រះរោគ ព្រះករុណា ព្រះមហាក្សត្រ បានធ្វើការវះកាត់ ដោយជោគជ័យហើយ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។ នេះបើតាមការ បញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់ នៅប្រទេសចិន៕ អត្ថបទ៖ លៀ ស៊ីណា



