ក្រោយចប់ព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញហើយនោះ បញ្ហាបរិស្ថានអនាម័យតាមទីតាំងរៀបចំពិធីត្រូវធានាបានដោយភាពល្អប្រសើរ ដើម្បីសោភ័ណ្ឌភាពក្នុងទីក្រុង។
នៅតាមបណ្តាទីតាំងសំខាន់ៗ ទាំង០៦ក្នុងរាជធានីភ្នំពេញ ដែលមានការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវបានអាជ្ញាធរ និងគណៈកម្មការគ្រប់គ្រងតាមទីតាំង បានបង្កើនការយកចិត្តខ្ពស់ ក្នុងការប្រមែប្រមូលសំរាម និងបាញ់លាងសម្អាតបរិស្ថានអនាម័យតាមដងផ្លូវពាក់ព័ន្ធ ក្រោយព្រឹត្តិការណ៍៦ថ្ងៃបានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន អញ្ជើញចេញទៅលេងកម្សាន្ត។
ពលរដ្ឋ និងភ្ញៀវជាតិ សម្តែងក្តីពេញចិត្តចំពោះការថែទាំបរិស្ថានអនាម័យបានយ៉ាងល្អ ពីសំណាក់ក្រុមការងារអាជ្ញាធរ បើទោះបីជាយប់ថ្ងៃបញ្ចប់ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត មានមនុស្សម្នាកុះករ ចូលទៅកម្សាន្តក៏ដោយ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានដំណើរការទៅរយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ធំរៀបចំដំបូង នៅក្របខ័ណ្ឌរាជធានីភ្នំពេញ៕ អត្ថបទ៖ លីហេង







